រាជធានីភ្នំពេញ៖ ថ្ងៃពុធ២កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៏អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង ប្រតិភូកម្ពុជា ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមកិច្ចប្រជុំលើកទី១៦ នៃក្រុមការងារអាស៊ានទប់ស្កាត់គ្រឿងញៀនតាមអាកាសយានដ្ឋាន
(The 16th ASEAN Airport Interdiction Task Force Meeting – 16th AAITF) តាមប្រព័ន្ធវីដេអូអនឡាញ ដោយមានការចូលរួមពីប្រទេសសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន។
ប្រតិភូកម្ពុជាមានសមាសភាពចូលរួមពីតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងតំណាងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបង្ហាញពីការសហការរួមគ្នារវាងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងកាត់តាមច្រកអាកាសយានដ្ឋាន។
ក្នុងកិច្ចប្រជុំនេះ ប្រតិភូកម្ពុជាបានធ្វើបទបង្ហាញអំពីរបាយការណ៍ប្រទេសកម្ពុជា និងស្ថានភាពគ្រឿងញៀនទូទៅឆ្នាំ២០២៦ ដោយបង្ហាញពីនិន្នាការនៃការផលិត ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ការខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់ លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ករណីសំខាន់ៗដែលបានរកឃើញតាមអាកាសយានដ្ឋាន ព្រមទាំងបញ្ហាប្រឈម និងទិសដៅការងារបន្ត។
ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន តាមរយៈការផ្លាស់ប្តូរព័ត៌មានសម្ងាត់ឱ្យបានទាន់ពេលវេលា ការពង្រឹងប្រសិទ្ធភាពនៃការត្រួតពិនិត្យ និងការបង្កើនសមត្ថភាពមន្ត្រីជំនាញ ដើម្បីឆ្លើយតបទៅនឹងវិធីសាស្ត្រថ្មីៗ និងភាពស្មុគស្មាញនៃបទល្មើសគ្រឿងញៀនឆ្លងដែន។ រក្សាសិទ្ធដោយ៖សុទ្ធលី












