ខេត្តព្រៃវែង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវសេចក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ចំពោះមរណភាពសិស្សានុសិស្សសាលាប៊ែលធី អន្តរជាតិ ចំនួន ៥នាក់ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍រថយន្តដឹកសិស្សធ្លាក់ចូលស្រះទឹក នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជាការចូលរួមរំលែកទុក្ខ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររងគ្រោះ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់តំណាងដឹកនាំដោយឯកឧត្តម កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ព្រមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង នាំយកសម្ភារៈ និងថវិកាមួយចំនួនទៅប្រគល់ជូនក្រុមគ្រួសារសពសិស្សទាំង ៥នាក់ នៅតាមគេហដ្ឋានក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម កៀង វឌ្ឍនៈ ក៏បានពាំនាំនូវសាររំលែកមរណទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព ដោយសម្តេចបានសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធក្មួយៗសិស្សានុសិស្សទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈរថយន្តដឹកសិស្សបានក្រឡាប់ធ្លាក់ចូលស្រះទឹក។ ភ្លាមៗ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានចូលរួមជួយសង្គ្រោះអ្នកជិះក្នុងរថយន្ត ប៉ុន្តែជាអកុសល សិស្សចំនួន ៥នាក់បានស្លាប់ដោយសារលង់ទឹក។
សិស្សទាំង ៥នាក់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ រួមមានឈ្មោះ៖
១. កញ្ញា សៀង សុផាវត្តី អាយុ ១៤ឆ្នាំ រស់នៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
២. កញ្ញា ឡេង យូលី រស់នៅភូមិពហ៊ា ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង។
៣. កញ្ញា លី នីតា អាយុ ១៣ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
៤. កញ្ញា សីហា សួស្តី អាយុ ១៤ឆ្នាំ រស់នៅភូមិតាំងរលាង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
៥. កញ្ញា ឃាង ឈីងឈីង អាយុ ១២ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកឯ ជនសង្ស័យ ដែលតៃកុងឡាន បើកបររថយន្ត ធ្លាក់ស្រះទឹក និង ត្រូវបានឃាត់ខ្លួន មាន ម៉ែន ធារិទ្ធ អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








