ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ១០នាក់ ក្នុងនោះមានជនជាតិថៃ ចិន និងខ្មែរ។
លោកឧត្តមសេនីយ៍ត្រី ធិន សិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ១០នាក់ មានជនជាតិថៃចំនួន ២នាក់ ស្រីម្នាក់ ជនជាតិចិនចំនួន ៤នាក់ និងជនជាតិខ្មែរចំនួន ៤នាក់ ក្នុងនោះស្រីម្នាក់ផងដែរ។
ប្រតិបត្តិការបង្ក្រាបទាំងពីរករណីនេះ បានធ្វើឡើងនៅចំណុចភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១០ ខែ វិច្ឆិកានេះ ដោយកម្លាំងនគរបាលបានដកហូតវត្ថុតាងគ្រឿងញៀនខុសច្បាប់មួយចំនួន និងរថយន្តចំនួន ៣គ្រឿង។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ១០នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





