គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ក្រុមគ្រួសារនៃសពជាទីរាប់អាន!
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានសេចក្តីរន្ធត់ក្ដុកក្ដួល រំជួលចិត្តឥតឧបមាក្រោយពីបានទទួលដំណឹងអំពីករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យសិស្សានុសិស្សរងគ្រោះសរុបចំនួន ២៦នាក់ (ស្រី ១៤នាក់) ក្នុងនោះស្លាប់ចំនួន ៥នាក់ (ស្រី ៥នាក់) និងរងរបួសចំនួន ២១នាក់ (ស្រី ៩នាក់)។
ស្ថិតក្នុងបរិយាកាសដ៏មហាសែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ដ៏ធំធេងនូវក្រុមគ្រួសារ សាច់ញាតិ ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត។ ព្រមជាមួយគ្នានេះ សូមជូនពរដល់អ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូម មេត្តាយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តវិធានការដូចខាងក្រោម៖
១-កុំបើកបរលើសល្បឿនកំណត់។
២-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍។
៣-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។
៤-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្តដូចជា សំបកកង់ ហ្វ្រាំង ភ្លើងបំភ្លឺ និង ចង្កូត ជាដើម ។
៥-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។រក្សាសិទ្ធដោយ៖សុទ្ធលី










