ខេត្តកណ្ដាល៖ អ្នកបើកបររថយន្តឈ្នួលដឹកសិស្សសាលា ដែលបើកធ្លាក់ចូលស្រះទឹក បណ្ដាលឱ្យសិស្សសាលាប៊ែលធីចំនួន ៥នាក់ស្លាប់ និង ៣នាក់រងរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្ត រូបនេះ មានឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
យោងតាមរបាយការណ៍ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦៖ ៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
រថយន្តដែលជួបគ្រោះថ្នាក់ជាប្រភេទដឹកអ្នកដំណើរ ២៥កៅអី ម៉ាក Mitsubishi ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5603 ដោយមានអ្នករួមដំណើរចំនួន២៦នាក់ ក្នុងនោះប្រុស១២នាក់ និងស្រី១៤នាក់ ដែលសុទ្ធតែជាសិស្សសាលា។
គ្រោះថ្នាក់ដ៏រន្ធត់នេះ បានបណ្ដាលឱ្យសិស្សស្រីចំនួន៥នាក់ស្លាប់បាត់បង់ជីវិត របួសធ្ងន់៣នាក់ ក្នុងនោះស្រីម្នាក់ និងរបួសស្រាល១៨នាក់ ក្នុងនោះស្រី៨នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា: រថយន្តខាងលើជារថយន្តឯកជន ដែលអាណាព្យាបាលសិស្សបានជួលឱ្យដឹកសិស្សពីស្រុកពារាំង ខេត្តព្រៃវែង មកសិក្សានៅសាលាប៊ែលធី សាខាព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល។
តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ចជំនាញ មូលហេតុនៃគ្រោះថ្នាក់នេះ គឺដោយសារអ្នកបើកបរបើករថយន្តក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ស្របពេលមានម៉ូតូមួយគ្រឿងបើកឆ្លងកាត់ផ្លូវ ធ្វើឱ្យអ្នកបើកបរបួងចង្កូតគេចទៅខាងស្ដាំ បណ្ដាលឱ្យរថយន្តរេចង្កូតធ្លាក់ចូលស្រះទឹកតែម្ដង។
បច្ចុប្បន្ននេះ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបន្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








