ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យកើតមាន ៤០ករណីក្នុងខែតុលា បំផ្លាញផ្ទះប្រជាពលរដ្ឋ ៣៣ខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀត!!

ភ្នំពេញ: ក្នុងរយៈពេលពេញមួយខែតុលា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៤០ករណី នៅទូទាំងប្រទេស ដែលបណ្ដាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣៣ខ្នង ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនេះបានកើតឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

ចំនួននេះ បើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំដដែល បានថយចុះចំនួន ៦ករណី ខណៈចំនួនផ្ទះប្រជាពលរដ្ឋដែលរងការឆាបឆេះក៏បានថយចុះចំនួន ៦ខ្នងផងដែរ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្រៅពីផ្ទះប្រជាពលរដ្ឋ គ្រោះអគ្គិភ័យក្នុងខែតុលា ក៏បានបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ រួមមាន រោងចក្រចំនួន ២ខ្នង អគារចំនួន ២ តូបលក់ដូរចំនួន ២ រថយន្តចំនួន ៣គ្រឿង រថយន្តដឹកចំបើងចំនួន ១គ្រឿង និងបន្ទប់ចំនួន ១។

គ្រោះអគ្គិភ័យទាំង ៤០ករណីនេះ បានកើតឡើងនៅរាជធានីភ្នំពេញ និងខេត្តចំនួន ១៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ កំពង់ឆ្នាំង ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ រតនគិរី ត្បូងឃ្មុំ និងព្រៃវែង។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនៃគ្រោះអគ្គិភ័យ ដើម្បីបង្ការកុំឱ្យមានការឆាបឆេះ និងការខូចខាតទ្រព្យសម្បត្តិ។

ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យប្រជាពលរដ្ឋប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬទាក់ទងទៅលេខទូរសព្ទ ១១៨ និងតាមប្រព័ន្ធ Telegram លេខ ១១៨ ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង ដើម្បីស្នើសុំអន្តរាគមន៍ពីកម្លាំងជំនាញឱ្យបានទាន់ពេលវេលា៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម