ខេត្តកណ្ដាល៖ រថយន្តស៊ីឈ្នួលដឹកសិស្ស និង ប្រជាពលរដ្ឋទូទៅមួយគ្រឿង បានជ្រុលធ្លាក់ចូលស្រះទឹកនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បណ្ដាលឱ្យសិស្សសាលាប៊ែលធីចំនួន ៥នាក់ បាត់បង់ជីវិត និង រងរបួស ២ នាក់ ខណៈអ្នកដំណើរជាច្រើននាក់ទៀតកំពុងត្រូវបានជួយសង្គ្រោះ។
តាមសេចក្ដីរាយការណ៍បឋម បានឱ្យដឹងថា: រថយន្តដែលជួបគ្រោះថ្នាក់នេះមិនមែនជារថយន្តរបស់សាលាប៊ែលធីនោះទេ ប៉ុន្តែជារថយន្តស៊ីឈ្នួលដឹកសិស្ស និងប្រជាពលរដ្ឋទូទៅ។
ប្រភពដដែលបានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់នេះ គឺដោយសាររថយន្តបានបើកគេចពីម៉ូតូមួយគ្រឿង រួចជ្រុលចង្កូតធ្លាក់ចូលក្នុងស្រះទឹកតែម្ដង។
សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា នៅក្នុងរថយន្តនោះ មានសិស្សសរុបចំនួន ២៦នាក់ ខណៈចំនួនអ្នករងគ្រោះ និងស្ថានភាពនៃការជួយសង្គ្រោះកំពុងបន្តតាមដាន៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN









