ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានបន្តបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ៧២នាក់ ចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថា ពួកគេពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ ការធ្វើការងារខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញចេញនេះត្រូវបានអនុវត្តតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបន្តបណ្ដេញជនបរទេសដែលប្រព្រឹត្តបទល្មើសចេញពីកម្ពុជានេះ គឺជាការអនុវត្តវិធានការច្បាប់ ស្របតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសឆបោក ឬសកម្មភាពឧក្រិដ្ឋកម្មដែលបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។
សេចក្តីប្រកាសដដែល បានបន្ថែមថា សមត្ថកិច្ចកម្ពុជាកំពុងបន្តប្រឹងប្រែងបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការស្រាវជ្រាវវែកមុខមេខ្លោង ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
គួររំលឹកថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី២៧ ខែតុលា លោក អាំងហ្គីយ៉ាត ណាពីទូពូលូ ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែរបស់ប្រទេសឥណ្ឌូនេស៊ី បានសម្ដែងការសុំទោស និងសុំការយោគយល់ពីកម្ពុជា ចំពោះការលំបាកដែលកើតឡើងដោយសារពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួនបានចូលមកប្រព្រឹត្តបទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ កាលពីថ្ងៃទី១៨ និងទី១៩ ខែតុលា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាក៏បានបណ្ដេញជនជាតិឥណ្ឌូនេស៊ីសរុបចំនួន ៤២៧នាក់ ដែលពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ ការធ្វើការងារខុសច្បាប់ និងបទល្មើសឆបោកតាមអនឡាញ ចេញពីប្រទេសកម្ពុជាផងដែរ។
ដោយឡែក របាយការណ៍របស់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា មានជនជាតិឥណ្ឌូនេស៊ីចំនួន ៦៨៦នាក់ កំពុងស្ថិតក្នុងនីតិវិធីបណ្ដេញចេញពីកម្ពុជា។
របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតបានទទួលពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៣ ៥៧៤នាក់ ដែលធ្លាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ និងល្បែងស៊ីសង មកស្នើសុំជំនួយដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ។
ក្នុងចំណោមនោះ ស្ថានទូតបានជួយសម្របសម្រួលនីតិវិធីបញ្ជូនពលរដ្ឋចំនួន ៨ ៦៤០នាក់ ឱ្យត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






