ខេត្តកំពង់ចាម: នៅវិមានឯករាជ្យក្រុងកំពង់ចាម ពោរពេញទៅដោយមនុស្សម្នាក្មេងចាស់ប្រុសស្រីរាប់ពាន់នាក់ ក្នុងទឹកមុខស្រស់ញញឹម ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ១៩៥៣ ៩វិច្ឆិកាឆ្នាំ២០២៦និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដោយបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៦។ ជាមួយនោះកម្លាំងនគរបាលនិងអាវុធហត្ថបានពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់មានភាពល្អប្រសើរផងដែរ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ជាការពិតនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣គឺជាការបរិច្ឆេទដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រដែលប្រជាជាតិខ្មែរទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំងក្រោមព្រះរាជ្យបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ។ឯករាជាតិមិនមែនគ្រាន់តែជាការទទួលបានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯងនោះទេ ប៉ុន្តែជាការស្ដារឡើងវិញនៅអធិបតេយ្យភាពសេចក្តីថ្លៃថ្នូរអត្តសញ្ញាណជាតិនិងសិទ្ធិស្របច្បាប់របស់ប្រជាជាតិខ្មែរក្នុងសហគមន៍អន្តរជាតិ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាមសូមសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពនិងការលះបង់របស់នាយទាហានពលទាហានអតីតយុទ្ធជននិងកងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានបំពេញភារកិច្ចយ៉ាងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ជាមួយនោះក៏សូមគោរពរំលឹកដល់គុណូបការៈរបស់វីរៈយុទ្ធជន វីរៈយុទ្ធនារីនិងគ្រួសារយុទ្ធជនពរលីទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់និងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីការពារជាតិមាតុភូមិ។
ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលស្ដារនិងកសាងប្រទេសឡើងវិញ ព្រមទាំងសម្រេចបាននូវសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ!នៅចុងឆ្នាំ១៩៩៨។សន្តិភាពនេះបានបញ្ចប់សង្គ្រាមស៊ីវិលដែលបានបន្តអូសបន្លាយជាច្រើនទសវត្សរ៍និងបានបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការរួបរួមជាតិនិងការកសាងហេត្តារចនាសម្ព័ន្ធការអភិវឌ្ឍន៍សេដ្ឋកិច្ចការលើកកម្ពស់ការអប់រំនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវចងចាំហ្នឹងដឹងគុណចំពោះគុណូបការៈនៃការកសាងសន្តិភាពនិងការស្ដារប្រទេសឡើងវិញព្រមទាំងបន្តរួបរួមថែរក្សាមរតកដ៏មានតម្លៃនេះ។បន្តពីមូលដ្ឋានគ្រឹះនៃសន្តិភាពនិងសមិទ្ធផលដែលបានសម្រេចរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវោធិបតី បានបន្តដឹកនាំប្រទេសឆ្ពោះទៅរកការកែទម្រង់និងការអភិវឌ្ឍន៍ទំនើបដោយផ្ដោតលើការលើកំពស់ជីវិតការពង្រឹងសមត្ថភាពស្ថាប័ននិងការកសាងសេដ្ឋកិច្ចដែលមានភាពធន់និងការប្រកួតប្រជែង។នៅក្នុងពិធីនោះគឺតាមអង្គភាពនានាជុំវិញខេត្តបានយកកម្រងផ្កាដាក់ថ្វាយនិងជាការរំលឹកគុណដល់វីរៈយុទ្ធជនដែលបានពលីក្នុងបុព្វហេតុជាតិ។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី















