ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរួចរាល់ហើយ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យបរិស្ថាននិងកិច្ចការងារមួយចំនួនផ្សេងទៀត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន៩២ប្រទេសជុំវិញពិភពលោក។
ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ទទួលបានជោគជ័យ ទៅតាមការគ្រោងទុក នារសៀលថ្ងៃទី០៣ វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈកម្មការថ្នាក់រាជធានី ក្នុងការត្រៀមលក្ខណៈទទួលភារកិច្ចក្នុងអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមជាអធិបតីពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៤ផ្សេងទៀត។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦នេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសរុបចំនួន៩២ប្រទេសជុំវិញពិភពលោក ក្នុងនោះ លោកប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសមួយចំនួនទៀតក៏នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលបានណែនាំដល់កងម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះទទួលបានជោគជ័យតាមការគ្រោងទុក។ បន្ថែមពីនេះ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យបរិស្ថាននិងកិច្ចការងារមួយចំនួនផ្សេងទៀត ត្រូវរៀបចំឡើងឱ្យបានស្អាតព្រមៗគ្នា។ ជាងនេះទៅទៀត ឯកឧត្ដមឃួង ស្រេងបានអះអាងថា ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំកំពូលនេះ រាល់ការបង្ហោះដ្រូនឯកជនត្រូវបានហាមដាច់ខាត កប៉ាល់ និងសាឡង់ដឹកខ្សាច់ក៏ត្រូវហាមធ្វើចរាចរតាមដងទន្លេ ឯចំណែកទូក និងកាណូតទេសចរណ៍ក៏ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្ត តែសម្រាប់ផ្លូវថ្មើជើងចតុមុខ នឹងត្រូវបើកដំណើរការជាធម្មតា។ ចំពោះការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីណែនាំស្តីពីការចូលរួមថែរក្សាសោភណ្ឌភាព អនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈ ព្រមទាំងសេចក្តីជូនដំណឹងអំពីការបញ្ចៀសចរាចរណ៍ក្នុងអំឡុងព្រឹត្តការណ៍នេះផងដែរ។
គួរបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍អមចំនួន០២ផងដែរនោះគឺ ភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់ភូតិចដោយព្រឹត្តការណ៍អមហ្វ្រង់កូតិច នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពីអគារ A ដល់ F ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ (ពិធីបើកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង)។ រីឯព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី នឹងប្រព្រឹត្តទៅនៅសួនច្បារមុខវត្តបទុមវតីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ (ពិធីបើកនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងមានការចូលរួមដោយលោកជំទាវអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនី OIF ផងដែរ)៕រក្សាសិទ្ធិដោយ៖សុទ្ធល














