ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ចំនួន ២១៩ករណី បានកើតឡើងនៅទូទាំងប្រទេសក្នុងខែតុលា ឆ្នាំ២០២៦ បណ្ដាលឱ្យមនុស្ស ១៤៧នាក់ស្លាប់ និង ៣៨៣នាក់រងរបួស ដោយមូលហេតុចម្បងគឺការបើកបរលើសល្បឿនកំណត់ និងការមិនគោរពសិទ្ធិអាទិភាព។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន ២១៩ករណី នៅទូទាំងប្រទេស បណ្ដាលឱ្យមនុស្ស ១៤៧នាក់ស្លាប់ និង ៣៨៣នាក់រងរបួសធ្ងន់ និងស្រាល។
របាយការណ៍ដែលផ្ដល់ជូនអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបង្ហាញថា បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៦ ចំនួនគ្រោះថ្នាក់បានកើនឡើង ៧ករណី ខណៈចំនួនអ្នកស្លាប់កើនឡើង ៣១នាក់ និងអ្នករងរបួសកើនឡើង ១០៧នាក់។
ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ទាំង ២១៩ករណី គ្រោះថ្នាក់ដែលកើតឡើងនៅពេលយប់មានចំនួនច្រើនជាងគេ រហូតដល់ ១៣៨ករណី។
ចំពោះមូលហេតុវិញ ការបើកបរលើសល្បឿនកំណត់បានបង្កឱ្យមានគ្រោះថ្នាក់ចំនួន ៩១ករណី ដែលជាមូលហេតុចម្បង ខណៈការមិនគោរពសិទ្ធិអាទិភាពបង្កឱ្យមានគ្រោះថ្នាក់ចំនួន ៥៣ករណី។
គួរបញ្ជាក់ថា សមត្ថកិច្ចបានចាប់ផ្ដើមអនុវត្តវិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយផ្ដោតលើតំបន់ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ក្នុងគោលបំណងបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការស្លាប់ និងរបួសឱ្យនៅកម្រិតទាបបំផុត។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






