ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កែវ រ៉េមី៖ យើងមិនភ្លេចជាដាច់ខាតក្នុងបន្តបេសកកម្មរកយុត្តិធម៌ ឲ្យស្ត្រីខ្មែរដែលជាពលករ ត្រូវបានទាហានថៃ៧រូប បានចាប់រំលោភ ជនភៀសសឹកជាង២មុឺននាក់ មិនអាចត្រឡប់ទៅផ្ទះសម្បែងវិញ

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំបានជួបជើងខ្លាំងដែលជាអតីតនៅ Human rights Watch គឺលោក Phil Robertson ដែលបច្ចុប្បន្នជានាយកអង្គការតស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ម្សិលមិញនេះ។
ក្នុងសង្គ្រាមជាមួយថៃ, លោក Phil Robertson ក៏ជាអ្នកចូលរួមតវ៉ាឲ្យថៃដោះលែងទាហានទាំង ១៨រូបផងដែរ។
ក្នុងឱកាសមាសនេះយើងខ្ញុំមិនភ្លេចជាដាច់ខាតក្នុងបន្តបេសកកម្មរកយុត្តិធម៌ឲ្យស្ត្រីខ្មែរដែលជាពលករត្រូវបានទាហានថៃ៧រូបបានចាប់រំលោភ ជនភៀសសឹកជាង២មុឺននាក់ មិនអាចត្រឡប់ទៅផ្ទះសម្បែងវិញដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបាននូវការអប់រំ សេដ្ឋកិច្ច សាសនា សុខភាព ។ល។ និង។ល។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង លោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្សនិងការងារអាស៊ី។

នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យលោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិ មនុស្សនិងការងារអាស៊ី (AHRLA) ចូលជួបពិភាក្សាការងារនៅសាលប្រជុំ គ.ស.ម.ក.។ កិច្ចជំនួបនេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យសិទ្ធិមនុស្សរវាង គ.ស.ម.ក. និង AHRLA។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Phil Robertson និង បានបញ្ជាក់ថា ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាបានថែរក្សា បានបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍជាតិ និងការលើកកម្ពស់សិទ្ធិមនុស្ស។ ក្នុងនោះ កម្ពុជាបាន បន្តលើកកម្ពស់សិទ្ធិការងារ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមា និងបានផ្តល់ការបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ៤៩ម៉ឺននាក់ ព្រមទាំងទណ្ឌិត ចំនួន ៨,១៤៩នាក់។ ទន្ទឹមនឹងនេះ ការគ្របដណ្តប់សេវាគាំពារសុខភាពបានកើនពីប្រមាណ ៤.៧លាននាក់ ក្នុងឆ្នាំ២០២៣ ដល់ ៨.៥លាននាក់ ក្នុងឆ្នាំ២០២៦ ខណៈអត្រាភាពក្រីក្របានធ្លាក់ចុះពី ៣៦.៧% ក្នុង ឆ្នាំ២០១៤ មកប្រមាណ ១៦.៦%-១៧.៨% និងមានគោលដៅកាត់បន្ថយមក ៦% នៅឆ្នាំ២០៣០ ហើយអាយុសង្ឃឹមរស់ជាមធ្យមបានកើនពីប្រមាណ៥០ឆ្នាំ ក្នុងឆ្នាំ២០០០ ដល់៧១ឆ្នាំ ក្នុងឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃការអភិវឌ្ឍសង្គម និងការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអរគុណលោក Phil Robertson សម្រាប់ ការអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជា ដែលត្រូវបានឃុំខ្លួនដោយយោធាថៃនាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្ន ជនភៀសសឹក កម្ពុជាចំនួនជាង ២០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន។ ការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។ ទន្ទឹមនឹងនេះ លោក Phil Robertson បានសម្តែងការសោកស្តាយចំពោះករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិ មនុស្សក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកមានជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំពោះបញ្ហា ជនភៀសសឹកកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការរើសអើងចំពោះពលករទេសន្តរប្រវេសន៍ កម្ពុជាដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ ការគំរាមកំហែងនិងការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ និងករណីនៃការចាប់រំលោភពីសំណាក់យោធាថៃ មកលើពលការិនីខ្មែរចំណាកស្រុកម្នាក់នៅពេលធ្វើដំណើរ ត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។ ជាមួយគ្នានេះដែរ លោក Phil Robertson ក៏បានតាមដាន និងបានទទួលព័ត៌មានពាក់ព័ន្ធនឹងការរើសអើងពលករទេស្តប្រវេសន៍កម្ពុជាដែលធ្វើការនៅប្រទេសថៃ និង ករណីនៃការចាប់រំលោភពលការិនីខ្មែរចំណាកស្រុកពីសំណាក់យោធាថៃផងដែរ។

លោក Phil Robertson បានថ្លែងអំណរគុណចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាត ឱ្យមានជំនួបនៅថ្ងៃនេះ និងបានផ្តល់ព័ត៌មានដ៏មានសារៈសំខាន់ជាច្រើនទាំងស្ថានភាពសិទ្ធិមនុស្សជាក់ ស្តែងក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់ក្នុងការបង្កើតស្ថាប័នសិទ្ធិ មនុស្សជាតិ និងបានផ្តល់មតិយោបល់ល្អៗ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស កម្ពុជាឱ្យកាន់តែល្អប្រសើរ រួមទាំងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់វឌ្ឍនភាពចំពោះការលើកកម្ពស់និង ការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ជាក់ស្តែង ប្រទេសកម្ពុជាបានសម្រេចជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី “ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)” ដែលបានឆ្លុះបញ្ចាំងពីការលើកស្ទួយ ក៏ដូចជាការគ្មានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម