នាយកដ្ឋាននគរបាលទេសចរណ៍ បានកោះហៅមន្ត្រីនគរបាលម្នាក់ មកបំភ្លឺ និងធ្វើកិច្ចសន្យាមិនឱ្យកើតមានករណីដូចគ្នានេះបន្តទៀត ក្រោយប្រពន្ធរបស់មន្ត្រីរូបនេះត្រូវបានគេថតឃើញជិះម៉ូតូអគ្គិសនីរបស់អង្គភាព ដែលបំពាក់ស៊ីរ៉ែន និងមានផ្លាកលេខនគរបាល 1A-1762 ។
យោងតាមសេចក្តីបំភ្លឺរបស់នាយកដ្ឋាននគរបាលទេសចរណ៍ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ញ៉ែម ណារិទ្ធ មន្ត្រីនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានសុំខ្ចីម៉ូតូអគ្គិសនីរបស់អង្គភាពជិះត្រឡប់ទៅផ្ទះ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីម៉ូតូផ្ទាល់ខ្លួន ដែលលោកខ្ចីពីក្មួយសម្រាប់ធ្វើដំណើរទៅបំពេញការងារបានខូច ។
សេចក្តីបំភ្លឺដដែលបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ លោកបានឱ្យប្រពន្ធជិះម៉ូតូអគ្គិសនីខាងលើទៅមើលម្តាយដែលមានជំងឺធ្ងន់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយសារលោកមានជីវភាពខ្វះខាត កំពុងសាងសង់ផ្ទះដោយខ្លួនឯង និងមិនមានមធ្យោបាយផ្សេងសម្រាប់ប្រពន្ធធ្វើដំណើរ។ ប្រពន្ធរបស់លោកបានត្រឡប់ទៅវិញនៅថ្ងៃដដែល ហើយលោកបានយកម៉ូតូមកប្រគល់ជូនអង្គភាពវិញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ។
ករណីនេះត្រូវបានចាប់អារម្មណ៍ បន្ទាប់ពីគណនី TikTok ឈ្មោះ Master Booster បានបង្ហោះវីដេអូរយៈពេល១២វិនាទី កាលពីថ្ងៃទី២៣ ខែតុលា បង្ហាញស្ត្រីម្នាក់ជិះម៉ូតូអគ្គិសនីដែលមានផ្លាកលេខនគរបាល 1A-1762 ព្រមទាំងរិះគន់ថា មិនគួរយកម៉ូតូរបស់អង្គភាពទៅប្រើប្រាស់ក្រៅពីមន្ត្រីមានសមត្ថកិច្ចឡើយ ។
នាយកដ្ឋាននគរបាលទេសចរណ៍បានថ្លែងអំណរគុណដល់ម្ចាស់គណនី TikTok ខាងលើ ចំពោះការរិះគន់ក្នុងន័យស្ថាបនា ដើម្បីជួយឱ្យមន្ត្រីកែប្រែកំហុសឆ្គងដែលបានកើតឡើង ។
ជាការឆ្លើយតប នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានបានអញ្ជើញលោកវរសេនីយ៍ត្រី ញ៉ែម ណារិទ្ធ មកបំភ្លឺ និងណែនាំអំពីបទវិន័យនគរបាលជាតិ ព្រមទាំងឱ្យធ្វើកិច្ចសន្យាមិនឱ្យករណីនេះកើតឡើងជាថ្មី ដើម្បីជៀសវាងការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី







