ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ព្រមទាំងដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២កញ្ចប់ អាវុធកែច្នៃ៥ដើម និងគ្រាប់កាំភ្លើង AK-47 ចំនួន១២គ្រាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅភូមិថ្មី ឃុំក្បាលទឹក ស្រុកទឹកផុស។
សមត្ថកិច្ចបានឲ្យដឹងថា: នៅ ក្នុងប្រតិបត្តិការនេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស ចុះបង្ក្រាបទីតាំងគោលដៅ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមមាន៖
១- ឈ្មោះ សឿង បារាំង ភេទប្រុស អាយុ៣០ឆ្នាំ។
២- ឈ្មោះ សឿង ស៊ី ភេទប្រុស អាយុ៥២ឆ្នាំ។ និង
៣-ឈ្មោះ ប៉ាង ពិន ភេទប្រុស អាយុ១៩ឆ្នាំ។
ជនសង្ស័យទាំង៣នាក់មានទីលំនៅក្នុងភូមិថ្មី ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន: ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន២កញ្ចប់ មានទម្ងន់សរុប១,៨៧ក្រាម រួមទាំងសំបកថង់ ទូរស័ព្ទដៃចំនួន២គ្រឿង អាវុធកែច្នៃចំនួន៥ដើម គ្រាប់កាំភ្លើង AK-47 ចំនួន១២គ្រាប់ ព្រមទាំងឧបករណ៍វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







