ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន អ្នកកាសែតត្បាញអាញម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភកូនស្រីបង្កើត អាយុ ១៥ឆ្នាំ ??

ភ្នំពេញ៖ បុរសម្នាក់ដែលមានមុខរបរជាអ្នកសារព័ត៌មានរបស់សារព័ត៌មាន «អំណាចខ្មែរ» ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានប៉ុនប៉ងរំលោភ និងបំពារបំពានផ្លូវភេទលើកូនស្រីបង្កើតរបស់ខ្លួនអាយុ ១៥ឆ្នាំ។

សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និង គាំពារអនីតិជន ខេត្តសៀមរាប បាននិយាយថា: កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ ដែលបានចោទប្រកាន់ប្តីរបស់ខ្លួនឈ្មោះ ប្រាក់ គីមឡេង អាយុ ៥៩ឆ្នាំ មុខរបរ អ្នកកាសែត រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ថាបានបំពារបំពានផ្លូវភេទលើកូនស្រីរបស់ពួកគេ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង នគរបាលជំនាញបានសាកសួរ និងសម្ភាសក្មេងស្រីរងគ្រោះ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការចោទប្រកាន់នេះ។

តាមការរៀបរាប់របស់ក្មេងស្រី នាងបានអះអាងថា ឪពុករបស់នាងបានប្រព្រឹត្តទង្វើបែបនេះលើនាងចំនួន៧លើករួចមកហើយ ដោយលើកចុងក្រោយបានកើតឡើងនៅខែសីហា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រហែល ៣រសៀល ក្នុងផ្ទះរបស់ជនសង្ស័យ។

ក្មេងស្រីរងគ្រោះ បាននិយាយថា ការប៉ុនប៉ងលើកចុងក្រោយមិនបានសម្រេចទេ ដោយសារនាងបានរើបម្រះ និងបដិសេធ។

ក្មេងស្រីបានប្រាប់នគរបាលថា ម្តាយរបស់នាងបានទៅធ្វើការនៅរោងចក្រក្នុងរាជធានីភ្នំពេញអស់រយៈពេលប្រហែលមួយឆ្នាំមកហើយ ខណៈឪពុករបស់នាងត្រូវបានចោទប្រកាន់ថាបាននាំស្រីកំណាន់មករស់នៅក្នុងផ្ទះជាមួយក្នុងអំឡុងពេលនោះ។

ក្មេងស្រីរងគ្រោះ បានអះអាងទៀតថា ឪពុករបស់នាងបានបិទទ្វារផ្ទះ ដើម្បីកុំឱ្យសកម្មភាពរបស់គាត់ត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព ហើយស្ត្រីដែលត្រូវបានចោទថាជាស្រីកំណាន់របស់ឪពុកនាងមិនបានដឹងពីហេតុការណ៍នេះទេ។

ក្មេងស្រីរងគ្រោះ បាននិយាយថា ដំបូងឡើយ នាងមិនហ៊ានប្រាប់ម្តាយអំពីរឿងនេះទេ ដោយសារខ្លាចខ្មាសម្តាយ។ ប៉ុន្តែក្រោយមក ម្តាយរបស់នាងបានមានជម្លោះជាមួយស្ត្រីដែលត្រូវបានចោទថាជាស្រីកំណាន់របស់ប្តី តាមរយៈកម្មវិធី Messenger ហើយបានឮការចោទប្រកាន់ពាក់ព័ន្ធនឹងកូនស្រីរបស់ខ្លួន។

បន្ទាប់មក ម្តាយរបស់នាងបានធ្វើដំណើរមកខេត្តសៀមរាប ដើម្បីដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។

មន្រ្តីនគរបាលបានបញ្ជាក់ថា នៅដំណាក់កាល សាកសួរចម្លើយ,
ជនសង្ស័យមិនបានសារភាពចំពោះការចោទប្រកាន់នេះទេ។

ទោះជាយ៉ាងណា សមត្ថកិច្ចបានទទួលសក្ខីកម្មពីក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ទៀត ដែលជាកូនស្រីបង្កើតរបស់ជនសង្ស័យ និងជាប្អូនស្រីរបស់ជនរងគ្រោះ ដែលបានឆ្លើយ ដាក់បន្ទុក ចំពោះ ឳពុក សង្ស័យរូបនេះ។

កុមារីសាក្សីរូបនេះបានអះអាងថា នាងបានឃើញឪពុកចាប់ដោះបងស្រីរបស់ខ្លួនដោយផ្ទាល់ភ្នែក ហើយបានយករឿងនេះទៅប្រាប់ស្ត្រីដែលត្រូវបានចោទថាជាស្រីកំណាន់របស់ឪពុក។

យោងតាមពាក្យបណ្តឹង ការរៀបរាប់របស់ក្មេងស្រីរងគ្រោះ និងសក្ខីកម្មរបស់សាក្សី នគរបាលខេត្តសៀមរាបបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបបានសម្រេចឃុំខ្លួនជនសង្ស័យ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម