ភ្នំពេញ៖ ទ្រព្យសម្បត្តិដែលមានតម្លៃប៉ាន់ស្មានជិត ១ពាន់លានដុល្លារអាម៉េរិក ពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប និងមេខ្លោង ចេន ហ្ស៊ី ត្រូវបានតុលាការសម្រេចបង្កក ខណៈជនសង្ស័យជាមេខ្លោងចំនួន ៦នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីតាមច្បាប់។
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាអនុប្រធានប្រចាំការ ព្រមទាំងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា សំណុំរឿងព្រីនស៍គ្រុបមានភាពស្មុគស្មាញ និងមានបណ្តាញក្រុមហ៊ុនពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យការស៊ើបអង្កេតត្រូវចំណាយពេលច្រើនខែ។
លោកបញ្ជាក់ថា: អាជ្ញាធរបានរកឃើញក្រុមហ៊ុនពាក់ព័ន្ធចំនួន ៩៨ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា និង ១០០ក្រុមហ៊ុននៅក្រៅប្រទេស។ តុលាការកម្ពុជាកំពុងបន្តនីតិវិធីស៊ើបសួរលើបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់មានស្ថានទម្ងន់ទោស ដែលពាក់ព័ន្ធនឹង ចេន ហ្ស៊ី និងបក្ខពួក។
យោងតាមការបញ្ជាក់របស់លោក ឆៃ ស៊ីណារិទ្ធ តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៣២នាក់ ដាក់ជនត្រូវចោទ ៤នាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងបង្គាប់ឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ៥នាក់ផ្សេងទៀត ព្រមទាំងស្វែងរកទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ។
មេខ្លោងចំនួន ៦នាក់ ដែលរួមមាន ចេន ហ្ស៊ី, លី សុង, លីវ យិន, អ៉ឹង ដារ៉ា, អៀង សុខលីម និង Huang Ron ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។
ចំពោះជនត្រូវចោទ និងមេខ្លោង ២៩នាក់ផ្សេងទៀត ដែលកំពុងគេចខ្លួននៅក្រៅប្រទេស អាជ្ញាធរកម្ពុជាកំពុងរៀបចំនីតិវិធីស្នើសុំដាក់ឈ្មោះក្នុងបញ្ជីក្រហមរបស់អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងស្នើសុំកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ។
លោកបានបន្ថែមថា សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) ក្រសួងសន្តិសុខសាធារណៈចិន និងដៃគូអន្តរជាតិ ដើម្បីផ្លាស់ប្តូរព័ត៌មាន ប្រមូលភស្តុតាង និងបន្តស៊ើបអង្កេតលើបណ្តាញឧក្រិដ្ឋកម្មនេះ។
ទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ រួមមានអគារ កាស៊ីណូ អចលនទ្រព្យរាប់ពាន់កន្លែង និងចលនទ្រព្យជាច្រើន ត្រូវបានប៉ាន់ស្មានថាមានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិក និងត្រូវបានតុលាការសម្រេចបង្កក។
អាជ្ញាធរមានសមត្ថកិច្ច កំពុងតែពិនិត្យមូលដ្ឋានច្បាប់ និងភស្តុតាង ដើម្បីចាត់ចែងទ្រព្យសម្បត្តិទាំងនេះជាបណ្តោះអាសន្ន ឬឈានទៅរកការរឹបអូសជាស្ថាពរ ស្របតាមច្បាប់ជាធរមាន។
លោក ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥២៩ករណី ពាក់ព័ន្ធនឹងទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៩១០កន្លែង រួមទាំងមជ្ឈមណ្ឌលឆបោកធំៗចំនួន ៨៦កន្លែង។
ក្នុងរយៈពេលនេះ ជនសង្ស័យជាមេខ្លោង អ្នកផ្តើមគំនិត អ្នកសមគំនិត និងជនល្មើសជាច្រើនសញ្ជាតិចំនួន ៥,៧៧៨នាក់ ត្រូវបានតុលាការចោទប្រកាន់ និងសម្រេចឃុំខ្លួន ដើម្បីបន្តនីតិវិធីស៊ើបសួរ និងចាត់ការតាមច្បាប់។
អាជ្ញាធរក៏បានរកឃើញកាស៊ីណូចំនួន ២៨ទីតាំង ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ជាមួយគ្នានេះ ជនបរទេសចំនួន ២២,៨៩២នាក់ មកពី ៤០សញ្ជាតិ ដែលត្រូវបានរកឃើញនៅតាមទីតាំងប្រតិបត្តិការ ត្រូវបានអនុវត្តនីតិវិធីតាមច្បាប់។ ក្នុងចំណោមពួកគេ ភាគច្រើនជាអ្នកដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួម ឬបានល្មើសនឹងច្បាប់អន្តោប្រវេសន៍ ហើយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ស្របតាមច្បាប់ និងគោលការណ៍មនុស្សធម៌អន្តរជាតិ។
លើសពីនេះ តុលាការបានសម្រេចបង្កកប្រាក់ក្នុងគណនីធនាគារសរុបជាង ៣០០លានដុល្លារអាម៉េរិក ព្រមទាំងទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុផ្សេងទៀត ដែលមានតម្លៃប៉ាន់ស្មានរាប់រយលានដុល្លារអាម៉េរិក ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុដែលអាចពាក់ព័ន្ធនឹងបទល្មើស។
រាជរដ្ឋាភិបាលកម្ពុជា និងសមត្ថកិច្ចពាក់ព័ន្ធបានបញ្ជាក់ពីការបន្តចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្វែងរកទ្រព្យសម្បត្តិដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ឬជាផលនៃបទល្មើស។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








