ខេត្តព្រះសីហនុ: កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំង និងជំរិតទារប្រាក់ពីបុរសជនជាតិចិនម្នាក់ ព្រមទាំងបានរំដោះជនរងគ្រោះឱ្យមានសេរីភាពវិញ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងជំនាញទទួលបានព័ត៌មានអំពីសកម្មភាពចាប់ជំរិតលើជនរងគ្រោះឈ្មោះ ZHEN ZHIBIN ភេទប្រុស ជនជាតិចិន នៅចំណុចភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា: ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានស្រាវជ្រាវ និង បើកប្រតិបត្តិការរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ នៅចំណុចភូមិចេត្តិទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល និងជួយសង្គ្រោះជនរងគ្រោះបានដោយជោគជ័យ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន អាវុធខ្លីចំនួន ១ដើម កាំបិតបត់ចំនួន ១ដើម ញញួរចំនួន ១ដើម និងសម្ភារៈមួយចំនួនទៀត។
ជនសង្ស័យទាំង ៤នាក់ មានឈ្មោះ៖ ១- ឈ្មោះ HUANG QIAN ភេទប្រុស អាយុ៣១ឆ្នាំ។ ២- ឈ្មោះ HUANG HUI ភេទប្រុស អាយុ៣៨ឆ្នាំ។ ៣- ឈ្មោះ HUANG HAI ភេទប្រុស អាយុ៣២ឆ្នាំ។ ៤- ឈ្មោះ LUO MIN ភេទប្រុស អាយុ៣៧ឆ្នាំ។
ចំណែក ឮឯ ជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះមានឈ្មោះ CHEN ZHI BIN ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិចិន។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





