ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនជាតិចិន៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល និងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានឱ្យដឹងថា ដំបូងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន២នាក់ គឺឈ្មោះ Lu Jia Xiang ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ An Hang ភេទប្រុស អាយុ៣២ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង រួមមានវ៉េបសម្រាប់ជក់មួយដើម និងក្បាលផុតខេចំនួន២ដើម។
លោកបានបញ្ជាក់ថា ក្រោយជនសង្ស័យទាំង២នាក់សហការជាមួយសមត្ថកិច្ច និងបង្ហាញទីតាំងពាក់ព័ន្ធ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ទៀតឈ្មោះ Lei Jing Huan ភេទស្រី អាយុ២៨ឆ្នាំ នៅផ្ទះមួយកន្លែងក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងបន្ថែម រួមមានសំបកថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ទឹកថ្នាំពណ៌សថ្លាចំនួន៩ដប សម្ភារកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន និងសម្ភារសម្រាប់វេចខ្ចប់ និងច្រកគ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







