ខេត្តកំពង់ចាម: ពិតជាគួរឱ្យសោកស្ដាយដោយផ្លូវបេតុងជាច្រើនកន្លែងកំពុងតែរងការខូចខាតដោយបាក់ស្រុតនៅក្នុងភូមិសាស្ត្រឃុំល្វេនិងឃុំពាមប្រធ្នោះស្រុកកោះសូទិន។ហើយពលរដ្ឋរស់នៅក្បែរនោះកំពុងតែមានការព្រួយបារម្ភខ្លាចបាក់ដល់លំនៅឋាន ហើយអាជ្ញាធរកំពុងយកចិត្តទុកដាក់ដោយមិនឱ្យយានយន្តបើកឆ្លងកាត់ខ្លាចបាក់បង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ចំពោះផ្លូវបេតុងដែលរងការខូចខាតនេះគឺត្រូវបានកសាងដោយក្រសួងអភិវឌ្ឍន៍ជនបទ។
អ្នកស្រីឌុច ចាន់ណា អាយុ៦១ឆ្នាំនៅភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិនបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២៦ថា:ផ្លូវបេតុងឡើងរលោងស្អាតកាត់តាមមុខផ្ទះរបស់គាត់ជាប់ដងទន្លេដែលត្រូវបានគេស្ថាបនាជាច្រើនឆ្នាំមកហើយនោះស្រាប់តែរងការខូចខាតដោយស្រុតយកទាំងរោងបណ្ដុះបន្លែរបស់គាត់រួមទាំងគុម្ពឫស្សីធំមួយគុម្ពបានស្រុតចុះទៅក្រោមជម្រៅ៥ ទៅ៥ម៉ែត្រ។ហេតុការបាក់ស្រុកនោះបានកើតឡើងតាំងពីអំឡុងភ្ជុំបិណ្ឌកន្លងទៅ ហេតុការណ៍បែបនេះមិនដែលជួបប្រទះទាល់តែសោះហើយខ្លាចបាក់រាលមកដល់ផ្ទះរបស់គាត់បើដូច្នេះមែនគាត់ត្រូវរុះរើទៅកាន់ទីតាំងថ្មីដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងចាស់។
លោកលុច លីម មេឃុំល្វេ មានប្រសាសន៍ឲ្យដឹងថា កាលពីមុនផ្លូវកាត់តាមភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋគឺមានការលំបាកក្នុងរដូវវស្សារអិលពិបាកធ្វើដំណើរហើយរដូវប្រាំងហុយទ្រលោម តែក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានស្ថាបនាផ្លូវបេតុងមួយខ្សែកាត់តាមឃុំល្វែងជាប់មាត់ទន្លេមានប្រវែងជាង១០ គីឡូម៉ែត្រ បានបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅមកក្នុងនោះរួមមានទាំងអ្នកនៅខេត្តព្រៃវែងក៏បានឆ្លងកាត់ទីនេះដែរ។ រូបលោកពិតជាមានការសោកស្ដាយដោយគ្រោះធម្មជាតិបណ្ដាលឱ្យបាក់ស្រុកដីរួមទាំងផ្លូវបេតុងជាច្រើនម៉ែត្រ បានកាត់ផ្ដាច់មិនអាចឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន ចំពោះមូលហេតុនៃការបាក់ស្រុតនេះគឺដោយសារតែមានភ្លៀងធ្លាក់ខ្លាំងរួមជាមួយទឹកស្រកលឿនខុសពីធម្មតាទើបបណ្ដាលឲ្យមានការបាក់ស្រុតផ្លូវយ៉ាងដូច្នេះ។ លោកមេឃុំលើកឡើងថាគ្រាន់តែទីតាំងបាក់ស្រុតរងការខូចខាតមានរហូតដល់៦ទៅ៧ទីតាំងឯណោះ សូម្បីតែផ្ទះរបស់ប្រជាការពារនៅភូមិទំពូង ក៏បានរងការបាក់ស្រុតត្រូវបានអាជ្ញាធរជួយអន្តរាគមន៍ ហើយអាជ្ញាធរក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋមេត្តាកុំស្ថាបនាសាងសង់លំនៅឋាននៅតាមច្រាំងទន្លេដែលប្រឈមនិងហានិភ័យបាក់ស្រុតនាំឱ្យខាតបង់ថវិកាក្នុងគ្រួសារ។
សូមបញ្ជាក់ថាសម្រាប់ទីតាំងផ្លូវបេតុងត្រង់ចំណុចឃុំពាមប្រធ្នោះត្រូវបានអាជ្ញាធរបិទមិនឱ្យរថយន្តបើកឆ្លងកាត់គឺអាចបើកវៀងតាមផ្លូវបេតុងមួយខ្សែជាមួយនោះ លោកយី វណ្ណៈអភិបាលស្រុកកោះសូទិនបានបញ្ជាក់ថាចំពោះការជួសជុលឡើងវិញគឺអាស្រ័យទៅលើថ្នាក់ជាតិដែលជាអ្នកសម្រេចធ្វើការជួសជុល នេះបើតាមការបញ្ជាក់ឲ្យដឹងនារសៀលថ្ងៃទី២១តុលា។
លោកអ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍និងជនបទខេត្តមិនអាចសុំការបំភ្លឺបាននោះទេនារសៀលថ្ងៃទី២១ តុលាឆ្នាំ ២០២៦ ដោយទូរសព្ទរោទ៏ជាច្រើនដងតែមិនមានអ្នកលើកនិយាយឡើយ។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
















