ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ចាប់ដៃគ្នាត្រៀមធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗនៃសភាប្រើភាសាបារាំង (APF) នៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧ខាងមុខ

វិមានរដ្ឋសភា៖ ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា បានប្រកាសពីការត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗរបស់សភាប្រើប្រាស់ភាសាបារាំង (APF) នៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧ ខាងមុខ ដើម្បីពង្រឹងតួនាទីការទូតសភា និងចូលរួមដោះស្រាយបញ្ហាប្រឈមធំៗរបស់តំបន់និងពិភពលោក។
ការសហការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា រៀបចំព្រឹត្តិការណ៍ទាំងនេះ ឆ្លុះបញ្ចាំងពីការរួបរួមគ្នាយ៉ាងរឹងមាំរវាងរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងការប្រើប្រាស់វេទិកាការទូតសភាដើម្បីស្វែងរកដំណោះស្រាយរួមចំពោះវិបត្តិសកលលោក​។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា, អនុប្រធានក្រុមសភាជាតិកម្ពុជា APF និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា APF តាមរយៈកិច្ចប្រជុំនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក-សមាជិការដ្ឋសភា និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិកា រដ្ឋានរដ្ឋសភាបានបង្ហាញនូវផែនការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួន ២ នៅពេលខាងមុខរួមមាន សិក្ខាសាលាស្តីពី «អាកាសធាតុ សន្តិភាព និងសន្តិសុខ» គ្រោងរៀបចំធ្វើនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ដឹកនាំរៀបចំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃ APF ដោយមានការចូលរួមសហការពេញលេញពីរដ្ឋសភា។ សិក្ខាសាលានេះ នឹងផ្តោតលើការរិះរកយន្តការរួមដើម្បីស្វែងដំណោះស្រាយចំពោះមុខនៃផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ដែលកំពុង គំរាមកំហែងដល់សន្តិសុខ ជីវភាពប្រជាពលរដ្ឋ ព្រមទាំងវិស័យកសិកម្ម ជលផល និងទេសចរណ៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ
ក្នុងន័យធានាកាត់បន្ថយផលប៉ះពាល់ជាកម្រិតអតិប្បរមាចំពោះជីវភាពប្រជាពលរដ្ឋ ។
ដោយឡែក កិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង និងកិច្ចប្រជុំ «បណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល» គ្រោងរៀបចំធ្វើនៅដើមឆ្នាំ២០២៧ខាងមុខ ដោយរដ្ឋសភាកម្ពុជានឹង ទទួលធ្វើជាម្ចាស់ផ្ទះផ្ទាល់ ដើម្បីពិភាក្សារិះរកយន្តការួមដោះស្រាយ វិបត្តិសុខភាពសាធារណៈសកល និងផលប៉ះពាល់ នៃជម្លោះប្រដាប់អាវុធដែលកើតមានលើវិស័យអប់រំ វប្បធម៌ និងបញ្ហាជនភៀសសឹកជាដើម។
សូមបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំនៅថ្ងៃនេះក៍មានការចូលរួមផ្លាស់ប្តូរមតិយ៉ាងសកម្មពីឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំ សមាជិកសមាជិកគណៈកម្មការ ឯកឧត្តម លោកជំទាវជាតំណាងរាស្រ្តព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិកាដ្ឋានរដ្ឋសភា ក្នុងគោលបំណង ធ្វើយ៉ាងណារួមចំណែកលើការលើកកម្ពស់ការទូតសភានិង ដោះស្រាយវិបត្តិសុខភាពសាធារណៈ ព្រមទាំងបញ្ហាសកលជាមួយ ដៃគូអន្តរជាតិផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម