ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីទទួលបញ្ចាំរថយន្តបង់រំលស់ រួចបង្ហោះលក់ បច្ចុប្បន្នត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស

ភ្នំពេញ៖ បុរសម្នាក់ដែលប្រកបរបរទិញលក់រថយន្ត ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ
បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធករណីទទួលបញ្ចាំរថយន្តដែលជាប់កិច្ចសន្យាបង់រំលស់ពីបុរសម្នាក់ទៀត ហើយយកទៅបង្ហោះលក់តាមបណ្ដាញសង្គម បន្ទាប់ពីតំណាងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានប្រទះឃើញ និង ឃាត់ខ្លួន ។

យោងតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុខពៅ រិទ្ធតុលា អាយុ២៤ឆ្នាំ មុខរបរទិញលក់រថយន្ត និង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្ដោយផ្លូវបេតុង ៣០ម៉ែត្រ ក្នុងភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ក្រោយមក នៅថ្ងៃទី២០ ខែតុលា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលពាក់ព័ន្ធក្នុងករណីនេះ គឺម៉ាក Toyota Prius ពណ៌ខ្មៅ ឆ្នាំផលិត២០១០ ពាក់ស្លាកលេខភ្នំពេញ 2BF-4008 ដែលត្រូវបានទិញតាមរយៈកម្ចីពីក្រុមហ៊ុន Chailease Royal Finance PLC។

តាមប្រភពដដែល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បុរសឈ្មោះ ម៉ឹង រ៉ា អាយុ៣៦ឆ្នាំ បានស្នើសុំកម្ចីពីក្រុមហ៊ុនចំនួន ១៦.៥០០ដុល្លារអាមេរិក ដើម្បីទិញរថយន្តខាងលើ ដោយព្រមព្រៀងបង់រំលស់រយៈពេល៨៤ខែ និងបង់ប្រាក់ចំនួន៤៣៥ដុល្លារអាមេរិកក្នុងមួយខែ។

ទោះជាយ៉ាងណា ឈ្មោះ ម៉ឹង រ៉ា ត្រូវបានរាយការណ៍ថា មិនបានបង់ប្រាក់តាមកិច្ចសន្យា ហើយនៅសល់ប្រាក់ដើមចំនួន១៦.២២៩ដុល្លារអាមេរិក។

ជននេះក៏ត្រូវបានចោទប្រកាន់ថា បានគេចវេសពីការទទួលខុសត្រូវ និងផ្តាច់ប្រព័ន្ធ GPS ដែលក្រុមហ៊ុនបានបំពាក់លើរថយន្ត ដែលធ្វើឱ្យមានការលំបាកក្នុងការតាមដានទីតាំងរថយន្ត។

ប្រភពដដែលបន្តថា នៅថ្ងៃទី១៨ ខែតុលា តំណាងក្រុមហ៊ុនបានប្រទះឃើញគណនីតេឡេក្រាមឈ្មោះ «តុលា» បង្ហោះលក់រថយន្តម៉ាកដូចខាងលើ។

ដោយសង្ស័យថា រថយន្តនោះជារថយន្តដែលកំពុងជាប់កិច្ចសន្យាបង់រំលស់ តំណាងក្រុមហ៊ុនបានទាក់ទងទៅម្ចាស់គណនី ដើម្បីសុំមើលរថយន្ត និងណាត់ជួបនៅស្ថានីយប្រេងឥន្ធនៈតេលា ក្នុងខណ្ឌដង្កោ។

នៅពេលជនសង្ស័យបើករថយន្តមកដល់ទីតាំងណាត់ជួប តំណាងក្រុមហ៊ុនបានឃាត់ខ្លួនជាមួយរថយន្ត រួចរាយការណ៍ទៅសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុខពៅ រិទ្ធតុលា បានសារភាពថា ខ្លួនពិតជាបានទទួលបញ្ចាំរថយន្តពីឈ្មោះ ម៉ឹង រ៉ា ក្នុងតម្លៃ៥.០០០ដុល្លារអាមេរិក និងបានយករថយន្តនោះទៅបង្ហោះលក់ប្រាកដមែន។ ចំណែកឈ្មោះ ម៉ឹង រ៉ា ត្រូវបានរាយការណ៍ថា កំពុងគេចខ្លួន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតរថយន្ត Toyota Prius មួយគ្រឿង ស្លាកលេខភ្នំពេញចំនួនពីរសន្លឹក ទូរស័ព្ទដៃ iPhone 16 ពណ៌ខៀវមួយគ្រឿង និងនាឡិកាដៃម៉ាក ZINVO មួយគ្រឿង ជាវត្ថុតាងពាក់ព័ន្ធនឹងករណីនេះ។

បន្ទាប់ពីកើតហេតុ តំណាងក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងឈ្មោះ សុខពៅ រិទ្ធតុលា ឈ្មោះ ម៉ឹង រ៉ា និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្ននេះ ជនសង្ស័យឈ្មោះ សុខពៅ រិទ្ធតុលា ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បីរង់ចាំការចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈឈ្មោះ ម៉ឹង រ៉ា ត្រូវបានរាយការណ៍ថា កំពុងគេចខ្លួន។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម