ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាប់ឃុំជាង ៨,០០០នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងរយៈពេល៩ខែ!

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរដល់ជនជាប់ឃុំចំនួន ៨.១៤៩នាក់ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ ក្នុងគោលបំណងផ្តល់ចំណេះដឹង និងបំណិនជីវិត ដើម្បីឱ្យពួកគេមានសមត្ថភាពប្រកបមុខរបរ និងកសាងជីវិតថ្មី ក្រោយពេលទទួលបានសេរីភាពឡើងវិញ។

ក្នុងចំណោមជនជាប់ឃុំដែលទទួលបានការបណ្តុះបណ្តាលទាំងនេះ មានស្ត្រីចំនួន ៧០៣នាក់ ខណៈជនជាប់ឃុំចំនួន ២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាផ្លូវការ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមជនជាប់ឃុំទាំង ៨.១៤៩នាក់ មានចំនួន ៤.៥២១នាក់ បានចូលរួមអនុវត្តសាកល្បងជំនាញ និងមុខរបរជាក់ស្តែង ចំនួន ១.២០៩នាក់ ទទួលបានការបណ្តុះបណ្តាលដោយអង្គភាពផ្ទាល់ និងចំនួន ២.៤១៩នាក់ ទទួលបានការបណ្តុះបណ្តាលតាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌល និងអង្គការដៃគូពាក់ព័ន្ធ។

ជំនាញដែលត្រូវបានបណ្តុះបណ្តាល រួមមាន ការកាត់ដេរ សម្អាងការ ការងារសំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ការជួសជុលឧបករណ៍អេឡិចត្រូនិក បរិក្ខារត្រជាក់ និងគ្រឿងយន្ត ជាដើម។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានជំរុញការអភិវឌ្ឍឧស្សាហកម្មខ្នាតតូច សិប្បកម្ម កសិកម្ម និងជំនាញសំណង់នៅក្នុងពន្ធនាគារ ដោយផ្អែកលើសក្តានុពលរបស់ពន្ធនាគារនីមួយៗ ព្រមទាំងស្វែងរកធនធាន និងដៃគូវិនិយោគបន្ថែម ដើម្បីពង្រីកសកម្មភាពបណ្តុះបណ្តាល និងបង្កើតឱកាសការងារសម្រាប់ជនជាប់ឃុំ។

ក្រៅពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការអប់រំកែប្រែ និងស្តារនីតិសម្បទាក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ផងដែរ។

សព្វថ្ងៃនេះ មានជនជាប់ឃុំចំនួន ១.៥៨៩នាក់ ក្នុងនោះមានស្ត្រី ១៧៨នាក់ កំពុងសិក្សាក្នុងថ្នាក់ចំនួន ៩០ថ្នាក់ ដែលរួមមានថ្នាក់អក្ខរកម្ម ថ្នាក់សមមូលតាមកម្មវិធី BEEP និងថ្នាក់ភាសាបរទេស។

ជាមួយគ្នានេះ ជនជាប់ឃុំចំនួន ២.១៣៣នាក់ កំពុងរៀនអក្ខរកម្មតាមបន្ទប់ ខណៈជនជាប់ឃុំចំនួន ៦៧.៩៤១នាក់ បានទទួលការអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងបទបញ្ជាផ្ទៃក្នុង បញ្ហាគ្រឿងញៀន សីលធម៌សង្គម សាសនា ច្បាប់ស្តីពីពន្ធនាគារ និងក្រមព្រហ្មទណ្ឌ។

អគ្គនាយកដ្ឋានពន្ធនាគារក៏បានដាក់ឱ្យសាកល្បងដំណើរការគម្រោងណូម៉ាដឡាប ដែលជាកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលដោយមិនចាំបាច់ប្រើប្រាស់អ៊ីនធឺណិត នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែចំនួន ២៩ទីតាំង ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាសរុប ១៩៩គ្រឿង និងមានជនជាប់ឃុំចំនួន ១៧.៨៦១នាក់ ចូលរួមសិក្សា។

ចំណែកការលើកកម្ពស់ទម្លាប់អានសៀវភៅក៏ទទួលបានការយកចិត្តទុកដាក់ផងដែរ។

របាយការណ៍បានបង្ហាញថា ជនជាប់ឃុំចំនួន ៤៧.៤៣៨នាក់ បានចូលអានសៀវភៅនៅក្នុងបណ្ណាល័យ និងចំនួន ៦៦.២៩៥នាក់ បានខ្ចីសៀវភៅទៅអាន ដោយបណ្ណាល័យនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែមានសៀវភៅសរុបចំនួន ៨៤.៤៧៧ក្បាល។

សកម្មភាពទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរពន្ធនាគារ ក្នុងការផ្សារភ្ជាប់ការឃុំខ្លួនទៅនឹងការអប់រំ ការបណ្តុះបណ្តាលជំនាញ និងការកែប្រែឥរិយាបថ ដើម្បីជួយឱ្យជនជាប់ឃុំមានចំណេះដឹង ជំនាញ និងឱកាសកាន់តែប្រសើរក្នុងការប្រកបមុខរបរ និងធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ ក្រោយពេលអនុវត្តទោសចប់។

បច្ចុប្បន្ននេះ កម្ពុជាមានជនជាប់ឃុំសរុបជាង ៧២.០០០នាក់ នៅតាមពន្ធនាគារចំនួន ២៥ និងមណ្ឌលអប់រំកែប្រែចំនួន ៤ នៅទូទាំងប្រទេស។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម