ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេងបានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ សង្កាត់និងមន្ទីរពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់ ដោយមិនត្រូវទុកឱ្យពួកគាត់រស់នៅក្នុងភាពឯកកោឡើយ ហើយបើមានកាេខ្វះខាតអ្វីមួយ សូមមនុស្សវ័យចាស់ទាំងអស់ទាក់ទងមកអាជ្ញាធរសង្កាត់ ខណ្ឌ នៅជិតបំផុត នោះអាជ្ញាធរនឹងចុះជួយឧបត្ដមភ្លាម ពោលគឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។
ការណែនាំបែបនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងខណៈឯកឧត្ដមនិងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ សមាជិកអតីតយុទ្ធជន និវត្តជននិងមនុស្សវ័យចាស់កម្ពុជា ក្នុងទិវាមនុស្សចាស់អន្តរជាតិលើកទី២៨ ក្រោមប្រធានបទ “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍ ” នាព្រឹកថ្ងៃទី២១ តុលា២០២៦នេះនៅសាលារាជធានីភ្នំពេញ ដោយមាន សមាជិកជាអតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់មកពីតាមបណ្តាសង្កាត់ទាំង១០៥ ខណ្ឌទាំង១៤ចំនួន ៥២៥នាក់។
ឯកឧត្តម ឃួង ស្រេង បានបន្តថា៖ សម្តេចទាំងទ្វេបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះមនុស្សចាស់។សូមឱ្យលោក អ៊ុ លោកពូ អ្នកមីង វ័យចាស់និងប្រជាពលរដ្ឋទាំងអស់ជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងកិច្ចការពារបូរណភាពទឹកដី ពីចោរសៀមឈ្លានពាន។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ ការបង្កើតឱ្យមានកម្មវិធីជួបសំណេះសំណាលសួរសុខទុក្ខមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញនេះធ្វើឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលពួកគាត់កន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើជាតិមាតុភូមិ និងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនរហូតមកដល់ពេលនេះ។
ឯកឧត្ដម អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា៖ អំណោយដែលផ្តល់ជូនលោក អ៊ុ លោកពូ អ្នកមីង វ័យចាស់ទាំង៥២៥នាក់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្នុងម្នាក់ៗ ទទួលបានអង្គរចំនួន ២៥ គីឡូក្រាម,ភួយ០១,ក្រមា០១,
ត្រីខ ០១យូរ ,មី ០១កេសតូច,ទឹកបរិសុទ្ធ
០១កេសនិងថវិកា ចំនួន១០ម៉ឺនរៀល។
ក្នុងឱកាសនោះដែរលោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ឯកឧត្តមឃួង ស្រេង អភិបាល តែងតែដឹកនាំ ផ្តួចផ្តើម ចង្អុលបង្ហាញជាប់ជាប្រចាំ ឱ្យគ្រប់មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន និងមនុស្សវ័យចាស់ តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ជាពិសេស អតីតយុទ្ធជន និងមនុស្ស វ័យចាស់ដែលស្ថិតក្នុងគ្រួសារក្រីក្រជួបការលំបាក ផ្នែកជីវភាពនាពេលកន្លងមក។
លោក រឿន រិទ្ធីពង្ស បានបន្តថា៖ នៅរាជធានីភ្នំពេញមានមនុស្សវ័យចាស់សរុបចំនួន ២០៨,៩៥២នាក់។មនុស្សវ័យចាស់ក្នុងគ្រួសារក្រីក្រមានបណ្ណសមធម៌សរុបចំនួន ៤៦,៨៥១នាក់ (ស្រី ៣០,៩៦៣នាក់)។ មនុស្សវ័យចាស់ទទួលប្រាក់ឧបត្ថម្ភប្រចាំខែក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួន ១៧,៤៩៨នាក់។ បច្ចុប្បន្នសមាជិក-សមាគមអតីតយុទ្ធជន និងនិវត្តជន រាជធានីភ្នំពេញសរុបចំនួន ១១,២៨៦នាក់ ក្នុងនោះមាន៖ គ្រួសារពលីចំនួន ១,១១៤នាក់, គ្រួសារមរណៈចំនួន ៥៤៩នាក់, និវត្តជនចំនួន ៧,៨៣៤នាក់, ជនពិការចំនួន ១,៧០៥នាក់ និងជនបាត់បង់សមត្ថភាពចំនួន ៨៤នាក់។
លោកតា ងួន ឈិន អាយុ៨៤ឆ្នាំ រស់នៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅនិងលោកតា ម៉ៅ សួន អាយុ៧១ឆ្នាំ រស់នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ក្នុងឱកាសនោះដែរ បានថ្លៃនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតៈនាយករដ្ឋមន្ត្រី,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឃួង ស្រេង ដែលតែតែយកចិត្តទុកដាក់ចំពោះមនុស្សចាស់ទាំងពេលកន្លងមកនិងបច្វុប្បន្ននេះ។ សម្តេចទាំងទ្វេមានការឈ្លាសវៃល្អណាស់ ដោយគិតគូបានគ្រប់ជ្រុលជ្រោយពីសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋគ្រប់រូបនិងគ្រប់ទីកន្លែង។លោកតាបន្តថា៖គោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះមនុស្សចាស់ គឺពិតជាធ្វើសកម្មភាពបានយ៉ាងល្អប្រសើរ ពួកគាត់គាំទ្រយ៉ាងពេញទំហឹង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម