ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌចំការមន មានប្រជាពលរដ្ឋ២រូប ក្នុងចំណោម៥រូប បានលើកឡើងជាមតិ យោបល់ និងសំណូមពរ ដោយពលរដ្ឋបានសម្តែងការពេញចិត្ត ចំពោះការដោះស្រាយរាល់បញ្ហារបស់អាជ្ញាធរ ពិសេសការផ្តល់សេវាតាមរយៈច្រកចេញចូលតែមួយនិងការផ្តល់សេវាផ្សេងៗទៀត។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខាងលើនេះ ត្រូវបានប្រារព្ធឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ នៅអាគារពិពណ៌កោះពេជ្រ ខណ្ឌចំការមន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ី ប្រេម សមាជិកក្រុមប្រឹក្សារាធានីភ្នំពេញ តំណាងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្តម ពេញ ធារម្យអភិបាលរង រាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ប៊ី ប្រេម បានគូសបញ្ជាក់ថា វេទិកានេះ គឺជាការផ្តល់ឱកាស ជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលរាចធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន ។
ក្នុងវេទិការនេះ មានប្រជាពលរដ្ឋ ៥នាក់ មានមតិយោបល់ និងសំណូមពរផ្តាល់មាត់ និង៧សំបុត្រ ជាលាយលក្ខណ៍អក្សរ ដោយក្នុងនោះ អ្វីដែលជាការកត់សម្គាល់ ប្រជាពលរដ្ឋ ២នាក់ តំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានបង្ហាញនូវការពេញចិត្ត លើការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងការផ្តល់សេវានានា និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានល្អប្រសើរ តាមរយៈការជួយសម្របសម្រួលទុកធុរៈប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ផ្តល់សេវា តាមច្រកចេញចូលតែមួយ ជូនពលរដ្ឋអាទិភាព ដូចជាចាស់ជរា ជនមានពិការភាព ស្ត្រីមានផ្ទៃពោះជាដើម មិនឱ្យកក់ស្ទះលើឯកសារណាមួយឡើយ ។
ក្នុងវេទិការនោះដែរ ប្រជាពលរដ្ឋនូវបានសំណូលពរបន្ថែមដូចជាករណី កាត់ផ្លូវជីកដាក់ទុយោទឹក ដោយរដ្ឋករទឹកជួសជុលមិនទាន់បានស្អាតល្អឡើងវិញ,ការស្នើសុំពន្លឿន ការធ្វើប្លង់កម្មសិទ្ធិអចលនទ្រព្យ , ការស្នើសុំបណ្ណសមធម៌, ស្នើសុំដើមឈើ សម្រាប់ដាំតាមទីធ្លាសាធារណៈបន្ថែម និងឯកសណ្ឋានសម្រាប់ប្រជាការពារភូមិ ក្នុងពេលអនុវត្តការងារ។
ឆ្លើយតបទៅនឹងសំណូមពរភ្លាមៗរបស់ប្រជាពលរដ្ឋនេះ ឯកឧត្តម ពេញ ធារម្យអភិបាលរងរាជធានីភ្នំពេញ បានចាត់ចែងប្រគល់ភារកិច្ច ទៅកាន់អង្គភាពពាក់ព័ន្ធពិនិត្យ និងបំពេញជូនពលរដ្ឋ ដោយឡែកចំពោះសំណើរពន្លឿនប្លងកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ត្រូវបានឯកឧត្តម ពេញ ភារម្យ បានបញ្ជាក់ថា កំពុងពន្លឿនពិនិត្យលទ្ធភាពដោះស្រាយជូន ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដោយហេតុថា ទីតាំងដែលប្រជាពលរដ្ឋស្នើសុំ ជាប់ពាក់ព័ន្ធទៅនឹងដីកម្មសិទ្ធិរបស់ក្រសួងពាណិជ្ជកម្ម ។
ឯកឧត្តម ពេញ ធារម្យ បានមានប្រសាសន៍ថា ចំពោះ សំណើ សំណូមពរ និងមតិយោបល់ផ្ទាល់មាត់ អង្គវេទិកា បានធ្វើការបកស្រាយ និងដោះស្រាយរួចរាល់។ ចំពោះសំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរ រដ្ឋបាលរាជធានីនឹងប្រមូលផ្តុំដើម្បីដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ពិនិត្យ និងដោះស្រាយ ព្រមទាំងផ្តល់ព័ត៌មានត្រឡប់ជូនបងប្អូនវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ដោយមានការបញ្ជាក់ពីហេតុផលច្បាស់លាស់ នាពេលខាងមុខ៕រក្សាសិទ្ធដោយ៖សុទ្ធលី
























