ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានបន្តបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ១៧៥នាក់ទៀត ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចេញពីប្រទេសកម្ពុជា ខណៈយុទ្ធនាការបង្ក្រាបបទល្មើសតាមអនឡាញ និងការបណ្ដេញជនបរទេសពាក់ព័ន្ធកំពុងបន្តអនុវត្តយ៉ាងសកម្ម។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ការបណ្ដេញចេញនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា វិធានការនេះជាផ្នែកមួយនៃការអនុវត្តច្បាប់តាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រកាសជំហរយ៉ាងច្បាស់ថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តអំពើឆបោក និងបទល្មើសផ្សេងៗ ដែលបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោកឡើយ។
ប្រភពដដែលបានបន្ថែមថា សមត្ថកិច្ចកំពុងបន្តពង្រឹងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការស្វែងរកមេខ្លោង និងបណ្ដាញពាក់ព័ន្ធ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឬជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការឆបោក ដើម្បីឱ្យពួកគេអាចទទួលបានសេរីភាព និងវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
ការបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ១៧៥នាក់នេះ គឺ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីកម្ពុជាបានបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ១៨០នាក់ផ្សេងទៀត កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចគ្នា។
របាយការណ៍របស់ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅពេលនោះ មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៦៨៦នាក់ កំពុងស្ថិតក្នុងនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា។
របាយការណ៍ដដែលបានបង្ហាញថា ចាប់ពីខែមករា រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតបានទទួលពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៣៥៧៤នាក់ ដែលធ្លាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ និងសកម្មភាពល្បែងស៊ីសង ហើយបានស្នើសុំជំនួយក្នុងការវិលត្រឡប់ទៅប្រទេសកំណើតវិញ។
ក្នុងចំណោមពលរដ្ឋទាំងនោះ ស្ថានទូតឥណ្ឌូនេស៊ី បានជួយសម្របសម្រួលនីតិវិធីបញ្ជូនចំនួន ៨៦៤០នាក់ ឱ្យត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








