ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យចំនួន ៥នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងវត្ថុតាងមួយចំនួនដែលសង្ស័យពាក់ព័ន្ធនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកសំពៅលូន។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា: ជនសង្ស័យទាំង៥ នាក់ ខាងលើនេះ ត្រូវបានចាប់ឃាត់ខ្លួន
ដោយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក
នៅវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្រុមទី៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នាង សែន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន និងដកហូតបានម្សៅក្រាមពណ៌សថ្លាច្រកក្នុងទុយោមួយកំណាត់ ដែលសង្ស័យមានសារធាតុញៀន ព្រមទាំងអំពូលកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២។
បន្ទាប់ពីទទួលបានចម្លើយ សារភាពពីជនសង្ស័យ និងដោយមានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចជំនាញ
បានបន្តប្រតិបត្តិការនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១០ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន និង បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ទៀត។
ជនសង្ស័យទាំង៤នាក់ រួមឈ្មោះ ៖ ឈ្មោះ ភិន ភារម្យ ហៅ វិត អាយុ២៤ឆ្នាំ, ឈ្មោះ លឿន គីមវ៉ា ហៅ វ៉ា អាយុ២៤ឆ្នាំ, ឈ្មោះ លី រ៉ាវី ហៅ ជុក អាយុ២៧ឆ្នាំ និងឈ្មោះ មាស ណុច ហៅ ខុង អាយុ២៥ឆ្នាំ។ ពួកគេមានទីលំនៅក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការបន្តនេះ សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ដែលសង្ស័យមានសារធាតុញៀន ទុយោសម្រាប់ចែករំលែកសារធាតុញៀន សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ម៉ូតូម៉ាក Honda Dream ចំនួន២គ្រឿង គ្មានស្លាកលេខ និងទូរស័ព្ទដៃចំនួន២គ្រឿង។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនសំណុំរឿងទៅ តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់។រក្សាសិទ្ធដោយ៖សុទ្ធលី




