ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្តម្នាក់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ជាប់ពាក់ព័ន្ធបទល្មើស «រំលោភទំនុកចិត្តពិសេសដោយអភិបាល» ដែលត្រូវបានចោទប្រកាន់ថា បានកិបកេងប្រាក់ក្រុមហ៊ុនក្នុងអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា: ជនជាប់ចោទ រូបនេះ មានឈ្មោះ យ៉ាត រតនា ភេទ ប្រុស និង ត្រូវបាន ចាប់ខ្លួន ដោយយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ០៩១ អយញ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ របស់ សាលាដំបូងរាជធានីភ្នំពេញ។
យោងតាមឯកសារតុលាការ, ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កាត់ទោស កំបាំងមុខ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល ពីបទរំលោភទំនុកចិត្តពិសេសដោយអភិបាល តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩៣ នៃក្រមព្រហ្មទណ្ឌ។
តុលាការក៏បានបង្គាប់ឱ្យជនជាប់ចោទ ត្រូវសងប្រាក់ទៅក្រុមហ៊ុនចំនួន៩២៨៩ដុល្លារ និងបង់ប្រាក់ជំងឺចិត្តចំនួន៥លានរៀលផងដែរ ទៅភាគីដើមបណ្ដឹងរដ្ឋប្បវេណី ដែលជាម្ចាស់ក្រុមហ៊ុន។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




