ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង ៤,៨លានដុល្លារ សម្រាប់ជួយកុមារ និងស្ត្រីមានផ្ទៃពោះ

រាជធានីភ្នំពេញ,៖ មូលនិធិគន្ធបុប្ផាកម្ពុជា នៅ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំនួនថវិកាបរិច្ចាគដែលមូលនិធិគន្ធបុប្ផាកម្ពុជាទទួលបាន ក្នុងត្រីមាសទី៣ ឆ្នាំ២០២៦។

មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងត្រីមាស ទី៣ ឆ្នាំ២០២៦ នេះ, មូលនិធិទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រមាណ ៤ ៨២៧ ៩៦៥ (បួនលាន ប្រាំបីរយម្ភៃប្រាំពីរពាន់ ប្រាំបួនរយហុកសិបប្រាំ) ដុល្លារអាម៉េរិក ពីសប្បុរសជនសរុបចំនួន ៤៨ ៣៧៦ រូប គិតរួមទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

ស្របពេលជាមួយគ្នានេះ, មន្ទីរពេទ្យគន្ធបុប្ផាបានទទួលពិនិត្យ និងព្យាបាលទារក, កុមារ និង ស្ត្រីមានផ្ទៃពោះសរុបចំនួន ៤៦១ ៨៤៨ ករណី ដែលរួមមានផ្នែកពិគ្រោះជំងឺក្រៅចំនួន ៣០៥ ១៨៦ ករណី, ទារក និងកុមារមានជំងឺធ្ងន់ដាក់ឱ្យសម្រាកក្នុងមន្ទីរពេទ្យ ចំនួន ៨៣ ៦១៤ ករណី, ជំងឺគ្រុនឈាម ចំនួន ២៥ ៤៦០ ករណី, វះកាត់ទូទៅចំនួន ១០ ៤៣២ ករណី, វះកាត់បេះដូង និងត្បិតប្រហោងបេះដូង ចំនួន ៣១៩ ករណី, តាមដានផ្ទៃពោះចំនួន ៣១ ០៦៤ ករណី និងសម្រាលកូនចំនួន ៥ ៧៧៣ នាក់ ជាមួយនឹង ចំណាយសរុបសមមូលនឹងចំនួនប្រមាណ ១៣ ៥៦៦ ៨៨៣ ដុល្លារអាម៉េរិក។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជន ដែល បានផ្តល់ការគាំទ្រ និងបន្តបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំង សេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីប្រភពស្របច្បាប់នានា ក្នុងគោលបំណង រួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ នៅកម្ពុជា។

សម្រាប់សាធារណជនដែលមានទឹកចិត្តសប្បុរស និងមានបំណងចូលរួមនាំក្តីសង្ឃឹម និង ភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ, សូមចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូរបស់មូលនិធិ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម