ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកំពត ចូលរួមក្នុងសន្និសីទ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន នៃខេត្តហ្វូជៀន នៃប្រទេសចិន និងខេត្តកំពត នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងសន្និសីទនេះ មានក្រុមហ៊ុន ចំនួន១២ នៃប្រទេសចិន បានធ្វើការចុះកិច្ចព្រមព្រៀង ចូលរួមវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស (កំពត-ហ្វូជៀន) ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រនៃស្រុកជុំគិរី ខេត្តកំពត នឹងនាំយកការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត មានឱកាសការងារធ្វើកាន់តែច្រើនបន្ថែមទៀត ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសគឺរក្សាបាននូវសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសអ្នកវិនិយោគ មានទំនុកចិត្តក្នុងការបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា ដោយមិនមានការព្រួយបារម្ភអ្វីឡើយ ។
សូមរំលឹកថា ការរៀបចំសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងភីងថាន ខេត្តហ្វូជាន និងខេត្តកំពតនេះឡើង ក្នុងគោលបំណងបង្កើតវេទិកាទំនាក់ទំនង រវាងភាគីទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ កម្មវិធីសន្និសីទនេះ បានបញ្ចប់ទៅដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគ ក្នុងនោះមានក្រុមហ៊ុនចំនួន១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស (កំពត-ហ្វូជាន) ស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







