ខេត្តកណ្ដាល៖ នាថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានរៀបចំពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ជាផ្លូវការសម្រាប់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន មន្ត្រីរាជការ និងសមាជិក-សមាជិកាពាក់ព័ន្ធជាច្រើនរូប។
តាមរបៀបវារៈនៃកម្មវិធី លោកវរសេនីយ៍ទោ វង្ស ចាន់ នាយប៉ុស្តិ៍ចាស់ បានឡើងអានរបាយការណ៍ស្វាគមន៍ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី លី សារាវ័ន្ត អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានអានអនុក្រឹត្យ និងប្រកាសស្ដីពីការផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង។ ពិធីក៏បានបន្តដោយការប្រគល់-ទទួលត្រា ព្រមទាំងការឡើងប្តេជ្ញាចិត្តរបស់ លោកវរសេនីយ៍ទោ ដែន និមល ដែលទើបទទួលបានការតែងតាំងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំថ្មី។
បន្ទាប់ពីបានស្ដាប់ប្រសាសន៍សំណេះសំណាលរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់កិត្តិយសឡើងមានប្រសាសន៍សំណេះសំណាល និងដាក់ចេញនូវអនុសាសន៍ណែនាំដ៏មានអត្ថន័យជ្រាលជ្រៅ ដោយបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ រួមមាន៖
ការពង្រឹងវិន័យ និងសីលធម៌កងវិស័យនគរបាល៖ ឯកឧត្តមអគ្គនាយក បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំប្រឹងប្រែងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែន ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង និងស្មារតីសហការផ្ទៃក្នុងឱ្យបានរឹងមាំ។
ការបង្កើនប្រសិទ្ធភាពការងារជំនាញអន្តោប្រវេសន៍៖ ឯកឧត្ដមបានជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេស ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)៖ ជាពិសេស ឯកឧត្តមអគ្គនាយក បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងវិធានការជំនាញក្នុងការស្រាវជ្រាវ ស្រង់ទិន្នន័យ និងទប់ស្កាត់រាល់សកម្មភាពពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបទល្មើសបច្ចេកវិទ្យាឆ្លងដែនគ្រប់រូបភាព។
ឯកឧត្តមបានសង្កត់ធ្ងន់ថា «កងកម្លាំងនៅតាមច្រកទ្វារព្រំដែន គឺជាស្រទាប់ការពារដំបូងបង្អស់ ដូច្នេះត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីក្តាប់សភាពការណ៍ និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់មុខសញ្ញាជនល្មើស ដែលប្រើប្រាស់ដែនដីកម្ពុជា ឬផ្លូវឆ្លងកាត់ព្រំដែនធ្វើជាឧបករណ៍ប្រព្រឹត្តបទល្មើសអនឡាញ ដើមី្បការពារកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ»។
បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យអង្គភាពច្រកទ្វារព្រំដែន បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធជិតខាង ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការទេសចរណ៍ និងការឆ្លងកាត់ព្រំដែនដោយរលូន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវប្រែក្លាយស្មារតីនៃការទទួលខុសត្រូវថ្មី ឱ្យទៅជាសកម្មភាពជាក់ស្តែងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិដោយភាពទន់ភ្លន់ រហ័សរហួន និងត្រឹមត្រូវតាមច្បាប់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និង ឯកឧត្តម គួច ចំរើន ព្រមទាំងគណៈអធិបតី និងថ្នាក់ដឹកនាំ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់មើលទីតាំង កន្លែងបំពេញការងារ និងស្ថានភាពទូទៅជុំវិញប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដើម្បីពិនិត្យមើលសកម្មភាពជាក់ស្តែង និងផ្តល់ការណែនាំបន្ថែមដល់កងកម្លាំងប្រចាំការនៅទីនោះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។រក្សាសិទ្ធដោយ៖សុទ្ធលី
































