នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងកម្មវិធីអាហារសាមគ្គីអបអរសាទរ ការបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងមហាសន្និបាតសមាគមត្រកូលលឹមពិភពលោក។ ថ្លែងក្នុងអង្គពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏សំខាន់រវាងការកែទម្រង់ស្ថាប័នរដ្ឋ និងការរីកចម្រើនរបស់វិស័យឯកជន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា “ការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ច ត្រូវបានកំណត់ជាស្នូលនៃការបង្កើនប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ រដ្ឋបាលសាធារណៈដែលមានគុណភាព គឺជាកត្តាគន្លឹះក្នុងការលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងផ្តល់បរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគ ការធ្វើធុរកិច្ច ព្រមទាំងការរីកចម្រើនរបស់វិស័យឯកជន។”
“បន្ថែមពីនេះ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់សមត្ថភាពការងាររបស់ក្រសួងស្ថាប័នរដ្ឋ ដើម្បីធានាដល់ការកាត់បន្ថយរយៈពេល និងនីតិវិធីរដ្ឋបាល ដែលការណ៍នេះនឹងចូលរួមដល់ការបង្កើតបរិយាកាសវិនិយោគកាន់តែសាមញ្ញ និងមានប្រសិទ្ធភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺស្របតាម “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ ដើម្បីលើកស្ទួយវិស័យឯកជន ពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាជារួម។” ឯកឧត្តមបានបន្ថែម។
អាស្រ័យហេតុនេះ តាមរយៈបរិយាកាសដ៏អំណោយផលនេះ ការចូលរួមរបស់វិស័យឯកជន ក៏ដូចជាសមាគមត្រកូលលឹម គឺពិតជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍផលិតផល បង្កើតសេវាកម្ម ឱកាសការងារ និងនាំមកនូវភាពច្នៃប្រឌិតថ្មីៗ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។រក្សាសិទ្ធដោយ៖សុទ្ធលី






