ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបញ្ជូនលោកអគ្គនាយករង ក្រសួងរ៉ែ និងថាមពល ឈ្មោះ ម៉ក់ សុភ័ក្ត្រា ទៅតុលាការ ចាត់ការ ពាក់ព័ន្ធករណីបាញ់ប្រហាររថយន្តប្រពន្ធ បណ្ដាលឱ្យត្រូវចំពោះកូនប្រុសបង្កើតរងរបួសធ្ងន់!

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នេះ បានបញ្ជូនខ្លួនលោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីបើករថយន្តដេញតាម និងបាញ់ប្រហាររថយន្តមួយគ្រឿងទៀត បណ្ដាលឱ្យកូនប្រុសបង្កើតរបស់ខ្លួនរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឱ្យដឹងថា ករណីនេះត្រូវបានសង្ស័យថា មានដើមចមពីជម្លោះប្រច័ណ្ឌក្នុងគ្រួសារ គឺ ជនសង្ស័យប្រច័ណ្ឌនឹង ប្រពន្ធ មានទំនាក់ទំនង ស្នេហា លួចលាក់ជាមួយ បុរសម្នាក់ តែ គាត់តាមទាន់??

យោងតាមព័ត៌មានបឋម  នៅយប់កើតហេតុនោះ, លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្ត Ford Ranger ពណ៌ស ពាក់ស្លាកលេខរដ្ឋ 16-2-1969 ដេញតាម និងបុករថយន្ត Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-5381 ដែលត្រូវបានសង្ស័យថា ជារថយន្តប្រពន្ធរបស់លោកកំពុងធ្វើដំណើរ។

ប្រភពដដែលបានឱ្យដឹងថា រថយន្តទាំងពីរបានបន្តដំណើររហូតដល់ផ្លូវទាល់មួយកន្លែងដែលមានសភាពស្ងាត់ ហើយភាគីពាក់ព័ន្ធបានឈប់រថយន្ត និងមានការឈ្លោះប្រកែកគ្នា។

ក្នុងអំឡុងពេលនោះ មានការផ្ទុះអាវុធជាច្រើនគ្រាប់ ដោយគ្រាប់កាំភ្លើងមួយគ្រាប់បានត្រូវចំតំបន់ពោះកូនប្រុសបង្កើតរបស់លោក ម៉ក់ សុភ័ក្ដ្រា បណ្ដាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍នេះអាចពាក់ព័ន្ធនឹងការសង្ស័យថា ប្រពន្ធរបស់លោកធ្វើដំណើរជាមួយបុរសផ្សេង។

ទោះជាយ៉ាងណា នៅពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ មិនបានឃើញប្រពន្ធរបស់លោក ឬបុរសដែលត្រូវបានសង្ស័យថារួមដំណើរជាមួយនោះឡើយ។

ក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌព្រែកព្នៅបានចុះអន្តរាគមន៍ និងឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ដ្រា ភ្លាមៗ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

តាមប្រភពព័ត៌មាន លោក សុភ័ក្ត្រាត្រូវ បានសង្ស័យពាក់ព័ន្ធនឹងបទប៉ុនប៉ងមនុស្សឃាត បង្ករបួសស្នាម និង ការប្រើប្រាស់អាវុធខុសច្បាប់។

ទោះជាយ៉ាងណា ការកំណត់បទចោទជាផ្លូវការ និងទោសដែលអាចប្រឈម ត្រូវរង់ចាំការសម្រេចរបស់តុលាការតាមភស្តុតាង និងច្បាប់ជាធរមាន។

ករណីនេះ កំពុងទទួលបានការចាប់អារម្មណ៍ ដោយសារហេតុការណ៍ប្រើប្រាស់អាវុធបានបណ្ដាលឱ្យសមាជិកគ្រួសាររបស់ជនសង្ស័យរងរបួសធ្ងន់ ខណៈសំណុំរឿងត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។

ទាក់ទងនឹង ករណីខាងលើនេះ, ជនសង្ស័យ និង  ក្រុមគ្រួសាររបស់លោក មិនទាន់ អាចទាក់ទង ដើម្បីសុំការបំភ្លឺ បានឡើយ នៅពេលដែលយើង បានផ្សព្វផ្សាយតំណឹងនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម