ភ្នំពេញ៖ សកម្មជនគណបក្សកម្លាំងជាតិម្នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃ តុលាការខេត្តកំពង់ចាម សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបង្ហោះឬសរសេរសារដែលត្រូវបានចោទថាមានចេតនាប្រឆាំងនឹងថ្នាក់ដឹកនាំប្រទេស ជុំវិញបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង។
យោងតាមដីកាតុលាការ ជនត្រូវចោទឈ្មោះ ប៉ាវ ប៉ោហេង ភេទ ប្រុស អាយុ៥៦ឆ្នាំ ជាសមាជិកគណបក្សកម្លាំងជាតិ និងជាភ្នាក់ងារសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងបញ្ជីចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ របស់គណបក្ស។ លោកមានមុខរបរជាអ្នករត់ម៉ូតូកង់បី និងមានទីលំនៅក្នុងឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោក ប៉ាវ ប៉ោហេង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តំណាងអយ្យការ មុនពេលត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន។
តាមការអះអាងរបស់គណបក្សកម្លាំងជាតិ លោក ប៉ាវ ប៉ោហេង ត្រូវបានហៅតាមទូរស័ព្ទឱ្យទៅដឹកអ្នកជំងឺទៅមន្ទីរពេទ្យ ប៉ុន្តែនៅពេលទៅដល់ប៉ុស្តិ៍នគរបាលឃុំជើងព្រៃ កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា លោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
គណបក្សកម្លាំងជាតិ បានអះអាងថា ការចាប់ខ្លួននេះធ្វើឡើងដោយគ្មានដីកា។
ជាមួយគ្នានេះ គណបក្សបានអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការចាប់ខ្លួនថ្នាក់ដឹកនាំ យុវជន និងសកម្មជនគណបក្សប្រឆាំង ព្រមទាំងដោះលែងលោក ប៉ាវ ប៉ោហេង និងអ្នកជាប់ឃុំពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ដើម្បីធានាបរិយាកាសនយោបាយសេរី និងអនុញ្ញាតឱ្យគ្រប់គណបក្សអនុវត្តសកម្មភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
គិតត្រឹមពេលរាយការណ៍នេះ មិនមានការឆ្លើយតបពីអាជ្ញាធរពាក់ព័ន្ធចំពោះការអះអាងរបស់គណបក្សកម្លាំងជាតិ ដែលបានបង្ហាញក្នុងសេចក្តីថ្លែងការណ៍ខាងលើទេ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






