ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឃុំខ្លួនយុវជនម្នាក់ ពាក់ព័ន្ធខ្ចីម៉ូតូម្តាយសង្សាជិះ រួចយកទៅបញ្ចាំបានប្រាក់ ២០,០០០បាត!

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធនឹងការយកម៉ូតូរបស់ម្តាយសង្សាទៅបញ្ចាំ ដោយយកប្រាក់ទៅចាយវាយផ្ទាល់ខ្លួន។

យោងតាមព័ត៌មានពីសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ គីម សម្បត្តិ អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យុវជនរូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ តាមបណ្ដឹងរបស់ស្ត្រីរងគ្រោះឈ្មោះ ព្រាប រដ្ឋា អាយុ៤៣ឆ្នាំ រស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមបណ្ដឹងរបស់ជនរងគ្រោះ ករណីនេះបានកើតឡើងកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រោយទទួលបានបណ្ដឹង កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាត់វិធានការសាកសួរជនសង្ស័យ ដើម្បីស្រាវជ្រាវករណីដែលបានកើតឡើង។

ក្នុងពេលសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីឈ្មោះ ចាន់ ម៉ី អាយុ១៩ឆ្នាំ ដែលជាកូនស្រីបង្កើតរបស់ជនរងគ្រោះ។

ជនសង្ស័យបានយកម៉ូតូម៉ាក Honda PCX ពណ៌ខ្មៅលាយទឹកប៊ិច ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ដែលជាកម្មសិទ្ធិរបស់ស្ត្រីរងគ្រោះ ទៅដាក់បញ្ចាំនៅហាងបញ្ចាំមួយ ដោយទទួលបានប្រាក់ចំនួន ២០,០០០បាត (ប្រាក់ថៃ) ហើយយកទៅចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនអស់។

ក្រៅពីករណីខាងលើ សមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោមលើជនសង្ស័យ និងរកឃើញមានសារធាតុញៀនវិជ្ជមានផងដែរ។

ក្រោយបញ្ចប់នីតិវិធីសាកសួរ កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែតុលា ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយត្រូវបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម