ខេត្តកំពង់ធំ៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា វាយប្រហារលើក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បណ្ដាលឱ្យបែកក្បាល នៅមុខវិទ្យាល័យកំពង់ធំ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៣គ្រឿងផងដែរ។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឱ្យដឹងថា: ការចាប់ខ្លួននេះ បានធ្វើឡើងតាមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។
យោងតាមសមត្ថកិច្ច ហេតុការណ៍ហិង្សានេះបានកើតឡើងនៅវេលាម៉ោង៤និង២២នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចមុខវិទ្យាល័យកំពង់ធំ ស្ថិតក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះ មាន ឈ្មោះ ធា រិទ្ធី ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានរងរបួសបែកក្បាលផ្នែកខាងមុខ បន្ទាប់ពីត្រូវក្រុមជនសង្ស័យមានគ្នា៣នាក់ ដែលជិះម៉ូតូ៣គ្រឿង ប្រើអំពើហិង្សាលើរូបគេ។
ជនសង្ស័យទាំង៣នាក់ មានឈ្មោះ ៖ ទី១- ឈ្មោះ យេត ណាត អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលត្រូវបានកំណត់ថាជាជនដៃដល់។ ទី២- ឈ្មោះ ទិន ជិន ហៅ តន អាយុ២៦ឆ្នាំ និងទី៣- ឈ្មោះ ហោ តុងហាក់ អាយុ២៥ឆ្នាំ។
អ្នកទាំងពីរមានទីលំនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងម៉ូតូចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ច រៀបចំ សំណុំរឿង ដើម្បី បញ្ជូនទៅកាន់ តុលាការ ដើម្បី អនុវត្តច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






