ខេត្តកំពង់ស្ពឺ៖ គូដណ្តឹងវ័យក្មេង២នាក់បានលង់ទឹកអូរស្លាប់យ៉ាងអាណោចអាធ័ម បង្កការសោកសង្រេងយ៉ាងខ្លាំងដល់ក្រុមគ្រួសារ និងសាច់ញាតិ ខណៈពួកគេគ្រោងនឹងរៀបអាពាហ៍ពិពាហ៍នៅខែឧសភា ឆ្នាំ២០២៧ ខាងមុខ។
ហេតុការណ៍នេះ បានកើតឡើង ខណៈយុវជនជាគូដណ្តឹងបានទៅលេងផ្ទះខាងស្រីក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយនាំគ្នាទៅលេងទឹកអូរ រហូតជួបគ្រោះអកុសលបាត់បង់ជីវិតទាំងពីរនាក់។
យោងតាមសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣និង៤០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចអូរដំណាក់ដំរី ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះទាំងពីរនាក់ មាន
ឈ្មោះ : ទី១ ឈ្មោះ ម៉េង គីមហួរ ភេទស្រី អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រ មានទីលំនៅក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និងទី២ ឈ្មោះ ផន ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិព្រៃសំឡាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ អ្នកទាំងពីរត្រូវជាគូដណ្តឹងនឹងគ្នា។
តាមការបំភ្លឺរបស់ឈ្មោះ ម៉េង សុខហៃ អាយុ២៣ឆ្នាំ ជាបងប្រុសបង្កើតរបស់ជនរងគ្រោះស្រី បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៣និង៣០នាទីរសៀលថ្ងៃកើតហេតុ ជនរងគ្រោះទាំងពីរនាក់ រួមជាមួយក្មេងស្រីម្នាក់ទៀតឈ្មោះ ហេង មួយអ៉ី អាយុ៨ឆ្នាំ បានជិះម៉ូតូចេញពីផ្ទះទៅលេងទឹកអូរដំណាក់ដំរី ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រពីផ្ទះ។
ប្រភពដដែលបានបន្តថា លុះដល់ម៉ោងប្រមាណ ៤រសៀល ក្មេងស្រីអាយុ៨ឆ្នាំបានរត់មកប្រាប់ថា គូដណ្តឹងទាំងពីរនាក់បានលង់ទឹកអូរ។ ភ្លាមៗនោះ បងប្អូន និងសាច់ញាតិបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយស្វែងរកអ្នកទាំងពីរ។
ក្រោយចុះរាវរកក្នុងទឹកអស់មួយសន្ទុះ សាច់ញាតិបានប្រទះឃើញសពជនរងគ្រោះទាំងពីរ ហើយបានស្រង់ឡើងគោក រួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ដើម្បីសង្គ្រោះ។
ប៉ុន្តែជាអកុសល គ្រូពេទ្យបានបញ្ជាក់ថា អ្នកទាំងពីរបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចជំនាញបានចុះពិនិត្យ និងបញ្ជាក់ថា ជនរងគ្រោះទាំងពីរបានស្លាប់ដោយសារលង់ទឹក។
ទោះជាយ៉ាងណា មូលហេតុជាក់លាក់ដែលនាំឱ្យពួកគេលង់ទឹក នៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ខណៈមានការសង្ស័យថា អាចបណ្តាលមកពីការរអិលធ្លាក់ ឬបោកនឹងថ្មក្នុងអូរ។
អ្វីដែលកាន់តែធ្វើឱ្យក្រុមគ្រួសារឈឺចាប់នោះ គឺគូដណ្តឹងវ័យក្មេងទាំងពីរគ្រោងនឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៧ ខាងមុខ។ ប៉ុន្តែផែនការអនាគតដែលពួកគេបានគ្រោងទុក ត្រូវបានបញ្ចប់ដោយសារគ្រោះអកុសលនេះ។
ឥឡូវនេះ សពជនរងគ្រោះទាំងពីរត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ខណៈសោកនាដកម្មនេះបានបន្សល់ទុកនូវក្តីទុក្ខសោកយ៉ាងជ្រាលជ្រៅដល់សាច់ញាតិ និងអ្នកដែលបានស្គាល់ពួកគេ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






