ភ្នំពេញ៖ មណ្ឌលអប់រំកែប្រែទី១ បានរៀបចំចម្អិនអាហារបំប៉ន និងចែកជូនដល់ជនជាប់ឃុំចំនួន ៨,២៤៥នាក់ នៅទូទាំង ១៧អគារ ដើម្បីរួមចំណែកលើកកម្ពស់ការថែទាំសុខុមាលភាព និងបង្ហាញពីស្មារតីចែករំលែកដល់ជនជាប់ឃុំដែលកំពុងស្នាក់នៅក្នុងមណ្ឌល។
សកម្មភាពនេះ ត្រូវបានអនុវត្តក្រោមការអនុញ្ញាតពី លោកនុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ដោយលោក ជាប់ ជួន អនុប្រធានមណ្ឌលទទួលបន្ទុកផែនប្រតិបត្តិ បានសហការជាមួយប្រធានអគារទាំង១៧ បានរៀបចំចម្អិនសម្លការី និង នំប៉័ង សម្រាប់ចែកជូនជនជាប់ឃុំទាំងអស់ដែលមានចំនួន ៨,២៤៥នាក់។
យោងតាមព័ត៌មានពីមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី១ តែងតែលើកទឹកចិត្ត និងជំរុញឱ្យមានសកម្មភាពចែករំលែកអាហារដល់ជនជាប់ឃុំ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលការលំបាក និងបង្កើនការយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយជាពិសេស។
ក្រុមគោលដៅដែលទទួលបានការយកចិត្តទុកដាក់ជាអាទិភាព រួមមាន ជនជាប់ឃុំដែលគ្មានសាច់ញាតិ ជនជាប់ឃុំវ័យចាស់ ជនជាប់ឃុំមានពិការភាព និងអ្នកដែលមានបញ្ហាសុខភាព ព្រមទាំងក្រុមការងារដែលបំពេញភារកិច្ចពលកម្មនៅក្នុងមណ្ឌលផងដែរ។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ជនជាប់ឃុំ និងការជំរុញវប្បធម៌ចែករំលែក សាមគ្គីភាព និងមនុស្សធម៌នៅក្នុងមណ្ឌលអប់រំកែប្រែទី១។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN










