ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធនាគារខេត្តកំពត បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ទណ្ឌិត ៦០នាក់ ដើម្បីពង្រឹងសមត្ថភាព និង ត្រៀមខ្លួនចូលរួមក្នុងសង្គមវិញ!!

ខេត្តកំពត៖ ទណ្ឌិតចំនួន ៦០នាក់ នៅពន្ធនាគារខេត្តកំពត បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសចំនួនពីរមុខជំនាញ និង ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ក្នុងគោលបំណងបង្កើនចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបង្កើតឱកាសសម្រាប់ការប្រកបរបរចិញ្ចឹមជីវិតក្រោយពេលបញ្ចប់ការអនុវត្តទោស។

ពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពត ក្រោមកិច្ចសហការរវាងពន្ធនាគារខេត្តកំពត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត។

ពិធីនេះមានការចូលរួមពីលោក អុិន រៀម អនុប្រធានពន្ធនាគារខេត្តកំពត តំណាងលោក អៀង សារឹម ប្រធានពន្ធនាគារខេត្ត និងលោក ប៉ែត វុទ្ធី អនុប្រធានដេប៉ាតឺម៉ង់ តំណាងលោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារ និងគ្រូបច្ចេកទេសរបស់វិទ្យាស្ថាន។

មន្ត្រីពន្ធនាគារខេត្តកំពត បានឲ្យដឹងថា: ទណ្ឌិតទាំង ៦០នាក់ នេះ ត្រូវបានបណ្តុះបណ្តាលលើជំនាញបច្ចេកទេសចំនួនពីរ ដោយក្នុងនោះ ៣០នាក់បានសិក្សាជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និង ៣០នាក់ផ្សេងទៀតបានសិក្សាជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ។

ការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ទណ្ឌិត គឺជាការរួមចំណែកលើកកម្ពស់ការអប់រំ ការអភិវឌ្ឍសមត្ថភាព និងការត្រៀមលក្ខណៈសម្រាប់ការវិលត្រឡប់ទៅរស់នៅក្នុងសង្គមវិញ។

ជំនាញដែលទទួលបានអាចជាមូលដ្ឋានសម្រាប់ស្វែងរកការងារ ឬបង្កើតមុខរបរផ្ទាល់ខ្លួន ដើម្បីរកប្រាក់ចំណូលស្របច្បាប់ និងកសាងជីវិតថ្មីក្រោយពេលដោះលែង។

កិច្ចសហការរវាងពន្ធនាគារ និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ក៏បានបង្ហាញពីសារៈសំខាន់នៃការផ្តល់ឱកាសឱ្យទណ្ឌិតទទួលបានចំណេះដឹង និងជំនាញជាក់ស្តែង ដើម្បីជួយសម្រួលដល់ការធ្វើសមាហរណកម្មចូលក្នុងសង្គម និងកាត់បន្ថយហានិភ័យនៃការប្រព្រឹត្តបទល្មើសឡើងវិញ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម