កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២ នាក់ ក្នុងករណីផ្សេងគ្នាចំនួនពីរ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា សរុបចំនួន ៨៥ ដុំ មានទម្ងន់សុទ្ធសរុប ៤៨ ១៥៨ ក្រាម។
ករណីទី១៖ នៅវេលាម៉ោង ០៨:៣៥ នាទី ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ១ នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៤៦ ដុំ មានទម្ងន់សុទ្ធ ២៣ ០៤៦ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។
ករណីទី២៖ នៅវេលាម៉ោង ២០:០៥ នាទី ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ១ នាក់ រកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៣៩ ដុំ មានទម្ងន់សុទ្ធសរុប ២៥ ១១២ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។
បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។ រក្សាសិទ្ធដោយ៖សុទ្ធលី









