ភ្នំពេញ៖ សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបុរសម្នាក់ អាយុ៣៤ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រើប្រាស់ រក្សាទុក និងជួញដូរសារធាតុញៀនដោយខុសច្បាប់ បន្ទាប់ពីសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៦កញ្ចប់។
ជនសង្ស័យ រូបនេះ មាន ឈ្មោះ យ៉ាង ចិនឡា មានទីលំនៅក្នុងភូមិកណ្តោលដុំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យត្រូវបានតំណាងអយ្យការចោទប្រកាន់តាមមាត្រា៤០ និង មាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
យោងតាមព័ត៌មានដែលទទួលបាន សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន៣កញ្ចប់តូច ព្រមទាំងដកហូតម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1J-3466 និងទូរស័ព្ទដៃស្មាតហ្វូនមួយគ្រឿង។
បន្ទាប់មក នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល កម្លាំងនគរបាលក្រុងច្បារមនបានបន្តឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ និង រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៣កញ្ចប់ធំបន្ថែមទៀត។
សរុបវត្ថុតាងដែលសមត្ថកិច្ចបានដកហូត រួមមាន: ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់ ម៉ូតូមួយគ្រឿង ទូរស័ព្ទដៃមួយគ្រឿង និងឧបករណ៍មួយចំនួនសម្រាប់ប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






