ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តស្ទឹងត្រែង ផ្អាកការងារ របស់លោក អ៊ុ សុភឿន បណ្តោះអាសន្ន ពាក់ព័ន្ធវិវាទដីធ្លី !!

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចផ្អាកការងារបណ្តោះអាសន្នលើលោក អ៊ុ សុភឿន មន្ត្រីនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ដើម្បីទុកលទ្ធភាពឱ្យក្រុមប្រឹក្សាវិន័យពិនិត្យ និងតាមដានករណីពាក់ព័ន្ធនឹងវិវាទដីធ្លីនៅស្រុកថាឡាបរិវ៉ាត់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដែលទទួលបាននៅថ្ងៃទី១៦ ខែតុលា បានឱ្យដឹងថា លោក អ៊ុ សុភឿន ដែលបានផ្ទេរភារកិច្ចពីសាលាខេត្តព្រះវិហារមកកាន់ខេត្តស្ទឹងត្រែងក្នុងឆ្នាំ២០២៥ ត្រូវបានរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងវិវាទការគ្រប់គ្រង កាន់កាប់ និងទិញលក់ដីធ្លីនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានជម្លោះជាមួយលោកស្រី អៀវ វុទ្ធី រស់នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។

រដ្ឋបាលខេត្តស្ទឹងត្រែ បានបញ្ជាក់ថា បន្ទាប់ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវដល់ទីតាំង និងប្រមូលព័ត៌មានជុំវិញករណីនេះ អាជ្ញាធរបានតម្រូវឱ្យលោក អ៊ុ សុភឿន ដោះស្រាយវិវាទដីធ្លីខាងលើឱ្យបានច្បាស់លាស់ និងស្របតាមគោលការណ៍ច្បាប់។

ដើម្បីធានាតម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីរាជការ រដ្ឋបាលខេត្តបានសម្រេចផ្អាកការងាររបស់លោក អ៊ុ សុភឿន ជាបណ្តោះអាសន្ន និង ដាក់ឱ្យស្ថិតក្រោមការតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីក្រុមប្រឹក្សាវិន័យរបស់រដ្ឋបាលខេត្ត។

ទោះជាយ៉ាងណា រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ប្រសិនបើលទ្ធផលនៃការពិនិត្យ និងស៊ើបអង្កេតរកឃើញថា លោក អ៊ុ សុភឿន មិនមានកំហុសខាងវិន័យទេ លោកនឹងត្រូវបានអនុញ្ញាតឱ្យចូលបម្រើការងារតាមតួនាទីដើមវិញ។

រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មាន និង អ្នកប្រើប្រាស់បណ្តាញសង្គម តាមដានករណីនេះដោយផ្អែកលើព័ត៌មាន និងការសម្រេចជាផ្លូវការរបស់អាជ្ញាធរ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម