ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ និងដកហូតឧបករណ៍អេឡិចត្រូនិកមួយចំនួន ពាក់ព័ន្ធនឹងការសង្ស័យប្រើប្រាស់ឧបករណ៍ Fake BTS ដែលអាចរំខានដល់ប្រព័ន្ធសេវាទូរស័ព្ទ និងបញ្ជូនសារទៅកាន់ទូរស័ព្ទរបស់ប្រជាពលរដ្ឋ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៤:២០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅមុខខុនដូមីងយ៉ាង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជនសង្ស័យ រូបនេះ មាន ឈ្មោះ DENG CHENGHU ភេទ ប្រុស អាយុ៣៣ឆ្នាំ ។ សមត្ថភាពកិច្ចកងរាជអាវុធហត្ថ បាន ដកហូត
រថយន្តមួយគ្រឿង ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការបំពាក់ឧបករណ៍ Fake BTS។
សមត្ថកិច្ចបានបញ្ជាក់ថា: វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ឧបករណ៍បម្លែងចរន្តអគ្គិសនីមួយគ្រឿង អង់តែនចំនួន២ ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន២គ្រឿង ទូរស័ព្ទសម្រាប់បញ្ជាម៉ាស៊ីនមួយគ្រឿង លិខិតឆ្លងដែនមួយក្បាល និងរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពត 2B-4152។
បច្ចុប្បន្ននេះ ជនសង្ស័យ និង វត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរ កសាងសំណុំរឿង និង ចាត់ការបន្តតាមនីតិវិធីច្បាប់។
ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីគោលបំណងនៃការប្រើប្រាស់ឧបករណ៍នេះ និងផលប៉ះពាល់ជាក់ស្តែងលើប្រព័ន្ធទូរស័ព្ទ ឬប្រជាពលរដ្ឋ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





