ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបង្ក្រាបបទល្មើស ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ក្នុងនោះមានករណីគាស់តូបមាសយកគ្រឿងអលង្ការជិត ៤០ម៉ឺនដុល្លារ !!

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធ បានបើកការស្រាវជ្រាវរយៈពេល ៣ថ្ងៃ និង បាន បង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៧ករណី ព្រមទាំង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីសរុប ១៦នាក់ ពាក់ព័ន្ធនឹងអំពើលួច ឆក់ គាស់តូបលក់គ្រឿងអលង្ការ ក្លែងបន្លំជាសមត្ថកិច្ច និងកាន់អាវុធដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា: ក្នុងចំណោមជនសង្ស័យទាំង ១៦នាក់ មានបុរសម្នាក់ឈ្មោះ ជា សាភា អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ដែលត្រូវបានសង្ស័យថា បានធ្វើសកម្មភាពគាស់ទ្វារតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ លួចយកទ្រព្យសម្បត្តិមានតម្លៃជិត ៤០ម៉ឺនដុល្លារ កាលពីវេលាម៉ោង ២៖៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

យោងតាមសមត្ថកិច្ច ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ៣រសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ខណៈកំពុងយកគ្រឿងអលង្ការទៅលក់នៅផ្សារឯករាជ្យ៣។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតគ្រឿងអលង្ការជាច្រើនប្រភេទ រួមមាន ខ្សែដៃ ខ្សែក កងដៃ ចិញ្ចៀន បណ្តោងត្បូង និងទូរសព្ទ iPhone មួយគ្រឿង។

តាមចម្លើយសារភាពដែលសមត្ថកិច្ចបានរាយការណ៍ ជនសង្ស័យបានអះអាងថា មុនពេលធ្វើសកម្មភាព រូបគេបានចំណាយពេល ៣ថ្ងៃ តាមដាន និងពិនិត្យទីតាំងតូបលក់គ្រឿងអលង្ការ ដោយដឹងថា មានទ្រព្យសម្បត្តិមានតម្លៃទុកនៅខាងក្នុង។

បន្ទាប់មក រូបគេបានទិញទួណឺវីស ដែកកាប់ និងឧបករណ៍កាត់ដែក ដើម្បីប្រើប្រាស់ក្នុងការគាស់ទ្វារតូប និងលួចយកគ្រឿងអលង្ការ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនទៅមន្ទីរពេទ្យព្រះអង្គឌួងវិញ ដែលជាកន្លែងរូបគេបានទៅព្យាបាលជំងឺមុនពេលកើតហេតុ។

ដោយឡែក ក្នុងរយៈពេល ៣ថ្ងៃដូចគ្នា កម្លាំងសមត្ថកិច្ចនៅខណ្ឌ៧មករា ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ក៏បានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងការឆក់ ការក្លែងបន្លំជាសមត្ថកិច្ច ការលួចម៉ូតូ និងរថយន្ត ព្រមទាំងបទល្មើសផ្សេងៗទៀត ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៦នាក់ ក្នុងនោះមានស្ត្រីម្នាក់។

បច្ចុប្បន្ននេះ ជនសង្ស័យទាំងអស់កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមច្បាប់។

ចំណែកគ្រឿងអលង្ការ និងសម្ភារៈដែលដកហូតបាន ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម