ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ២០៥ករណី ឃាត់ខ្លួនជនសង្ស័យ ៣១៥នាក់ បញ្ជូនទៅតុលាការក្នុងខែកញ្ញា !!

ភ្នំពេញ៖ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ក្រាប និងបំបែកសំណុំរឿងព្រហ្មទណ្ឌចំនួន ២០៥ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ៣១៥នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ក្នុងរយៈពេលពេញមួយខែកញ្ញា ឆ្នាំ២០២៦ ខណៈបទល្មើសលួច និងអំពើហិង្សាមានចំនួនច្រើនជាងគេ។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងខែកញ្ញាកន្លងទៅ កម្លាំងនគរបាលជាតិចាប់ពីថ្នាក់អគ្គស្នងការដ្ឋាននគរបាលជាតិ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តចុះប្រតិបត្តិការទប់ស្កាត់ បង្ក្រាបបទល្មើសទាន់ពេលវេលា និងស្រាវជ្រាវបំបែកសំណុំរឿងព្រហ្មទណ្ឌ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តច្បាប់។

បទល្មើសដែលសមត្ថកិច្ចបង្ក្រាបបាន រួមមាន អំពើហិង្សា ឆបោក លួច ឆក់ ប្លន់ រំលោភសេពសន្ថវៈ ឃាតកម្ម ការប្រើប្រាស់អាវុធខុសច្បាប់ និងមនុស្សឃាតអចេតនា។ ក្នុងចំណោមបទល្មើសទាំងនេះ ករណីលួចមានចំនួនច្រើនជាងគេ រហូតដល់ ៩១ករណី បន្ទាប់មកគឺបទល្មើសហិង្សា ចំនួន ៦៤ករណី។

របាយការណ៍ដដែលបានបញ្ជាក់ថា បទល្មើសទាំងនេះបានកើតឡើងនៅរាជធានីភ្នំពេញ និងខេត្តចំនួន ២០ផ្សេងទៀត រួមមាន សៀមរាប ស្វាយរៀង ត្បូងឃ្មុំ តាកែវ ពោធិ៍សាត់ ព្រះវិហារ កណ្តាល ក្រចេះ មណ្ឌលគិរី ព្រះសីហនុ ឧត្តរមានជ័យ កំពត ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង ព្រៃវែង បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង និងកំពង់ធំ។

ចំពោះទោសទណ្ឌ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ បានកំណត់ថា បទហិង្សាដោយចេតនាអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។ ក្នុងករណីមានស្ថានទម្ងន់ទោស ដូចជាការគិតទុកជាមុន ការប្រើប្រាស់អាវុធ ឬការគំរាមកំហែងដោយអាវុធ និងការប្រព្រឹត្តដោយមនុស្សច្រើននាក់ ទោសអាចកើនឡើងដល់ការជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល តាមលក្ខខណ្ឌដែលច្បាប់បានកំណត់។

ដោយឡែក បទលួចតាមមាត្រា៣៥៦ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។ ចំពោះបទលួចដែលមានស្ថានទម្ងន់ទោស ដូចជាការប្រើហិង្សា ឬការកាប់គាស់ និងទម្លុះទម្លាយ ទោសអាចឈានដល់ការជាប់ពន្ធនាគារពី ៣ឆ្នាំ ទៅ ១០ឆ្នាំ អាស្រ័យលើស្ថានភាពនៃបទល្មើស។

ចំណែកបទឆបោកតាមមាត្រា៣៧៨ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៦លានរៀល។

ក្នុងករណីមួយចំនួន ដូចជាការប្រព្រឹត្តដោយមន្ត្រីរាជការ ឬអ្នកក្លែងខ្លួនជាមន្ត្រីរាជការ ការប្រព្រឹត្តជាក្រុម និងការអំពាវនាវប្រមូលមូលនិធិសម្រាប់ជំនួយមនុស្សធម៌ក្នុងលក្ខខណ្ឌដែលច្បាប់កំណត់ ទោសអាចកើនឡើងដល់ការជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ។

ជាមួយគ្នានេះ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដែលមិនមានស្ថានទម្ងន់ទោសតាមមាត្រា២០០ ដល់មាត្រា២០៥ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។

រីឯបទឃាតកម្មដែលប្រព្រឹត្តដោយគិតទុកជាមុន ឬដោយការពួនស្ទាក់ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ការបង្ក្រាបបទល្មើស និងការបញ្ជូនជនសង្ស័យទៅតុលាការនេះ គឺជាផ្នែកមួយនៃការអនុវត្តច្បាប់របស់កម្លាំងនគរបាលជាតិ ដើម្បីទប់ស្កាត់បទល្មើស និងពង្រឹងសន្តិសុខសង្គមទូទាំងប្រទេស៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម