ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន. ស.) គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីសម្រុះសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លី ០៣ទីតាំង រវាងឈ្មោះ រតនៈ សម្បត្តិ និងប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដ.ន. ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, មន្ត្រីជំនាញពាក់ព័ន្ធ, តំណាងរដ្ឋបាលខេត្ត ព្រះសីហនុ, មន្ទីរ ដ.ន.ស. ស. ខេត្តព្រះសីហនុ, ភាគីមេធាវីតំណាងឱ្យឈ្មោះ រតនៈ សម្បត្តិ និងប្រជាពលរដ្ឋពាក់ព័ន្ធ។
អង្គប្រជុំបានពិនិត្យនិងពិភាក្សាលើករណីវិវាទចំនួន ៣ទីតាំង ដូចខាងក្រោម÷
១. ករណីវិវាទដីធ្លីក្នុងប្លុកទីតាំងដីទំហំ ៥៧,៥១ ហិកតា ក្នុងភូមិសាស្ត្រភូមិគគីរ សង្កាត់បិតត្រាំង ក្រុង កំពង់សោម ខេត្តព្រះសីហនុ
២. ករណីវិវាទដីធ្លីលើដីមានបណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ៤៧បណ្ណ មានទំហំ ១៧៦, ៩ ហិកតា ស្ថិតក្នុងភូមិគីរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
៣. ករណីវិវាទដីធ្លីក្នុងប្លុកដីទំហំប្រមាណ ១ ១៣៧,៦៣ ហិកតា ស្ថិតនៅភូមិពូធឿង និងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ដែលពាក់ព័ន្ធនឹងបណ្តឹងជំទាស់របស់ឈ្មោះ រតនៈ សម្បត្តិ លើផ្ទៃដី ទំហំសរុប ៦៣០,១៩ ហិកតា។
ជាលទ្ធផល ក្នុងស្មារតីផ្សះផ្សារ បង្រួបបង្រួម និងដោះស្រាយបញ្ចប់វិវាទជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈ វប្បធម៌សន្ទនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានសម្របសម្រួលដោះស្រាយបញ្ចប់សំណុំរឿងករណីវិវាទដីធ្លីខាងលើ តាមគោលការណ៍ ឈ្នះឈ្នះ ដោយតម្រូវឱ្យមានការចូលរួម សហការ ប្តូរទីតាំង បន្ថយទំហំ និងរួមគ្នារៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តាមបែបនគរូបនីយកម្មទំនើប ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទទួលបាននូវបណ្ណកម្មសិទ្ធិស្របច្បាប់ ក្នុងទិសដៅប្រែក្លាយពី ទីតាំងដីមានទំនាស់ទាំងនេះ ឱ្យទៅជាដីមានសក្តានុពលសេដ្ឋកិច្ច ជាភូមិឋានក្សេមក្សាន្ត ដែលមានសណ្តាប់ធ្នាប់ និង សោភណភាព បង្កលក្ខណៈងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែល ជាទ្រនំសុភមង្គល ហើយក៏ជាដីកេរ្តិ៍មរតកនៃក្តីសង្ឃឹមរបស់កូនចៅតជំនាន់រៀងៗខ្លួន។ រក្សាសិទ្ធិដោយ៖សុទ្ធលី




























