ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការកងរាជអាវុធហត្ថស្រុកគូលែន ត្រូវបុរសម្នាក់ទាញកាំបិតកាប់រងរបួសធ្ងន់ ផ្តើមពីរឿងម្តាយគំរាមប្តឹង?

ខេត្តព្រះវិហារ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកគូលែន ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យបានយកកាំបិតកាប់ បញ្ជា មូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន បណ្តាលឱ្យរងរបួសធ្ងន់ ខណៈជនសង្ស័យអះអាងថា មូលហេតុផ្តើមចេញពីការខឹងសម្បារនឹងម្តាយ ដែលធ្លាប់គំរាមប្តឹងមេប៉េអឹមឱ្យចាប់ខ្លួនដាក់ពន្ធនាគារ។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ស៊ី ភេទប្រុស អាយុ៤៨ឆ្នាំ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន និងរស់នៅក្នុងមូលដ្ឋានកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ លាង វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ និងមានទីលំនៅក្នុងភូមិ-ឃុំជាមួយជនរងគ្រោះ។

តាមការសាកសួរបឋម ជនសង្ស័យមានការខឹងសម្បារនឹងម្តាយ ដោយសារម្តាយធ្លាប់ហាមមិនឱ្យរូបគេចេញដើរលេង និងបានគំរាមថា នឹងប្តឹងមេប៉េអឹមស្រុកគូលែនឱ្យចាប់ខ្លួនដាក់ពន្ធនាគារ។

ដោយសារតែការខឹងសម្បារនេះ ជនសង្ស័យបានយកកាំបិតដាក់ក្នុងបាវ រួចទៅរកជនរងគ្រោះ។

នៅពេលជនរងគ្រោះកំពុងដេកលើអង្រឹងក្នុងកញ្ចុះខាងក្រោយផ្ទះ ជនសង្ស័យបានចូលទៅពីក្រោយ និងយកកាំបិតកាប់ប្រហារ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប ដើម្បីសង្គ្រោះ និងព្យាបាល។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម