ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក Prapas Sonjaidee នាយកមជ្ឈមណ្ឌល JIC នៅក្នុងកាសែត The Nation Thailand ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលអះអាងថា កងទ័ពគួរតែស្ថិតនៅក្នុងទីតាំងដែលបានព្រមព្រៀងគ្នា និងថាភាគីថៃមិនដែលធ្លាប់បានប្ដូរលក្ខខណ្ឌនៅលើដីជាក់ស្ដែង ដោយផ្អែកលើសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាការអះអាងផ្ទុយទាំងស្រុងពីខ្លឹមសារពិតប្រាកដនៃសេចក្ដីប្រកាសរួម ផ្ទុយពីច្បាប់អន្តរជាតិ ខុសពីការពិតនិងភស្ដុតាងនៅលើដីជាក់ស្ដែង ។
ការអះអាងនេះមានចេតនាបំភាន់ និងកេងចំណេញសាធារណមតិជាតិ និងអន្តរជាតិ ធ្វើឱ្យមានការយល់ច្រឡំថាភាគីកម្ពុជាបានឯកភាពឱ្យភាគីថៃដាក់ទ័ពឈរជើងនៅក្នុងដែនដីដែលស្ថិតនៅក្នុងអធិបតេយ្យ បូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា ។
ការពិតគឺសេចក្ដីប្រកាសរួម (បទឈប់បាញ់) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសកថាខណ្ឌ២ ពុំត្រូវបានចាត់ទុកជាសន្ធិសញ្ញាកំណត់ព្រំដែន ដែលមានតម្លៃគតិយុត្តលុបលើផែនទីមាត្រដ្ឋាន ១:២០០ ០០០ ដែលជាផ្នែកមួយដ៏មានសារៈសំខាន់បំផុតនៃអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម នោះទេ។
ផែនទីនេះ គឺជាបណ្ណកម្មសិទ្ធិ និងជាប្លង់រឹងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់របស់កម្ពុជានៅលើតំបន់ដែលយោធាថៃបាននិងកំពុងគ្រប់គ្រងដោយខុសច្បាប់ ដោយភាគីថៃតែងយកលេសថា សេចក្ដីប្រកាសរួមនេះអនុញ្ញាតឱ្យខ្លួនដាក់ទ័ពឈរជើងគ្រប់គ្រង និងបង្កើតលេសផ្សេងៗក្នុងចេតនាបង្កើត fait accompli តាមរយៈសកម្មភាពរាយបន្លាលួស ដាក់ទូកុងតឺន័រ សាងសង់លេណដ្ឋាន ឈូសឆាយដីធ្វើផ្លូវ ជីកប្រឡាយ កម្ទេចផ្ទះប្រជាពលរដ្ឋ និងវត្តអារាម សាងសង់រូបសំណាកព្រះ ដោតទង់ជាតិ និងសកម្មភាពខុសច្បាប់ដទៃទៀតនៅក្នុងទឹកដីកម្ពុជា ។
សកម្មភាពទាំងអស់នេះ គឺផ្ទុយទាំងស្រុងនឹងច្បាប់អន្តរជាតិ ផែនទីមាត្រដ្ឋាន ១:២០០ ០០០ អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម កំណត់ហេតុ JBC នៅចន្ទបុរី ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កិច្ចព្រមព្រៀងទ្វេភាគី រួមទាំងសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ ។
ផែនទីបន្សល់ពីសម័យបារាំងនេះ គឺជាផែនទីទទួលស្គាល់ជាអន្តរជាតិ រួមទាំងភាគីថៃផងដែរ។ ក្នុងន័យនេះ ផែនទីគូសជាឯកតោភាគីរបស់យោធាថៃ (L7017, L7018 ឬផែនទីឯកតោភាគីផ្សេងទៀត) គ្មានតម្លៃគតិយុត្តក្រោមច្បាប់អន្តរជាតិ និងមិនអាចជំនួសផែនទីសម័យបារាំង ដែលភាគីទាំងពីរបានឯកភាពគ្នានោះទេ ។
ម្យ៉ាងវិញទៀត ផែនទីដែលជាបណ្ណកម្មសិទ្ធិបន្សល់ទុកពីសម័យបារាំងនេះ គឺជាលទ្ធផលចុងក្រោយនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលអះអាងទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលតុលាការបានយកធ្វើជាមូលដ្ឋានដ៏មានសារៈសំខាន់បំផុត ដើម្បីបញ្ជាឱ្យយោធាថៃដកទ័ពចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងតំបន់បា្រសាទព្រះវិហារ និងតំបន់ ៤.៦ គីឡូម៉ែត្រការ៉េ ដែលរហូតមកដល់ពេលនេះ ភាគីថៃពុំទាន់បានគោរពនោះទេ ។
សាលក្រមទាំងនោះមានសារៈសំខាន់ចំពោះប្រាសាទព្រះវិហារ និងតំបន់ជុំវិញដែលស្ថិតក្នុងវិសាលភាពនៃសាលក្រម ។
ដោយហេតុតែ សេចក្ដីប្រកាសរួមនេះមិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែននេះហើយ ទើបភាគីទាំងពីរឯកភាពផ្ដល់អាទិភាពខ្ពស់បំផុតលើយន្តការ JBC និងយន្តការបច្ចេកទេសពាក់ព័ន្ធក្រោម JBC ព្រមទាំងចាត់ទុកយន្តការដ៏មានសារៈសំខាន់នេះជាយន្តការបន្ធូរបន្ថយភាពតានតឹងដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដែលត្រូវបានអនុវត្តនាពេលកន្លងមក ។
ជាក់ស្ដែង បុព្វកថានៃសេចក្ដីប្រកាសរួមនេះ បានចែងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការកំណត់ព្រំដែនជាស្ថាពរ ហើយកថាខណ្ឌ៣ និងកថាខណ្ឌ៤ នៃសេចក្ដីប្រកាសរួមនេះ បានចែងថាភាគីទាំងពីរបានឯកភាពគ្នាជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការ JBC កិច្ចប្រជុំបច្ចេកទេស និងការចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះលើដីជាក់ស្ដែង ដែលសុវត្ថិភាពរបស់ពួកគេត្រូវបានធានាតាមរយៈ ការសម្អាតមីនដែលមានស្រាប់ស្ថិតនៅក្រោមយន្តការ JBC ។
ការពន្លឿនការដាក់ដំណើរការយន្តការ JBC ឱ្យបានឆាប់បំផុត គឺធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារខណ្ឌសីមាលើដីជាក់ស្ដែង ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាបានវិលត្រឡប់ចូលរស់នៅផ្ទះសម្បែងវិញ ព្រមទាំងធានាឱ្យបាននូវស្ថិរភាព សន្ដិភាពយូរអង្វែងតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ ។
ហេតុដូចនេះ ការមើលតែមួយជ្រុងលើកថាខណ្ឌ២ និងបកស្រាយកេងចំណេញដូចយោធាថៃកំពុងធ្វើ គឺផ្ទុយស្រឡះនឹងកម្មវត្ថុចម្បងនៃសេចក្ដីប្រកាសរួមនេះ ដែលមានចរឹតលក្ខណៈជាបទឈប់បាញ់ ពោលគឺពុំមែនជាសន្ធិសញ្ញាកំណត់ព្រំដែន អនុញ្ញាតឱ្យយោធាថៃដាក់ទ័ពឈរជើងធ្វើសកម្មភាពរំលោភលើអធិបតេយ្យរបស់កម្ពុជានោះទេ ។
និយាយមួយបែបផ្សេងទៀត សេចក្ដីប្រកាសរួមនេះគឺជាយន្តការបង្កើតឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយខ្លឹមសារនៃកថាខណ្ឌ២ នេះ មិនត្រូវបានបកស្រាយថា អនុញ្ញាតឱ្យភាគីម្ខាងដាក់ទ័ពឈរជើង រំលោភអធិបតេយ្យភាគីម្ខាងទៀត ដែលការណ៍នេះរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ ជាពិសេសផែនទីមាត្រដ្ឋាន ១:២០០ ០០០ ដែលជាផ្នែកមួយមានសារៈសំខាន់បំផុតនៃអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម និងកិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀត ដូចជា MOU 2000 និងTOR 2003 ជាដើម ។
សូមធ្វើការគូសបញ្ជាក់ និងសង្កត់ធ្ងន់ផងដែរថា ភាគីកម្ពុជាពុំដែលយល់ព្រមម្ដងណាឡើយ ឱ្យភាគីថៃពង្រាយទ័ពឈរជើង និងធ្វើសកម្មភាពខុសច្បាប់លើទឹកដីកម្ពុជានោះទេ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ហេតុដូចនេះ ភាគីថៃត្រូវសម្ដែងឆន្ទៈពិតប្រាកដ ស្មោះត្រង់ គោរពអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារនៃសេចក្ដីប្រកាសរួមនេះ និងបំលែងឆន្ទៈនេះទៅជាសកម្មភាពជាក់ស្ដែងនៅលើដី ជាជាងនិយាយយកលេស ជាសម្ដីពិរោះ ចំណេញសាធារណមតិ តែគ្មានខ្លឹមសារអនុវត្តលើដីជាក់ស្ដែង។ ព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមទីតាំងកងទ័ពឡើយ។ បទឈប់បាញ់បញ្ឈប់ការបាញ់ប្រហារ ប៉ុន្តែវាមិនគូសផែនទីថ្មីទេ ៕រក្សាសិទ្ធដោយ៖សុទ្ធលី




