ខេត្តកោះកុង៖ សាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនជនជាតិចិន ១១៥នាក់ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដ៏ធំមួយ នៅតំបន់តារាសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុប ១១៦នាក់ ក្នុងនោះមានជនជាតិចិន ១១៥នាក់ និង មីយ៉ាន់ម៉ាម្នាក់ ខណៈឧបករណ៍ជាច្រើនដែលសង្ស័យប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសក៏ត្រូវបានរឹបអូស។
តាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកោះកុង ចេញផ្សាយនៅថ្ងៃទី ៣១ ខែសីហា បានឱ្យដឹងថា: ជនត្រូវចោទ ១១៤នាក់ ត្រូវបានចោទប្រកាន់ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានចែងក្នុងមាត្រា៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ ជនជាតិចិន ២នាក់ដែលត្រូវបានកំណត់ថាជាមេក្លោង ត្រូវបានចោទប្រកាន់ពីបទ: រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមមាត្រា៦ នៃច្បាប់ដដែល។
អ្នកទាំងពីរធ្លាប់រត់គេចពីកន្លែងឃុំខ្លួនបណ្ដោះអាសន្ន មុនត្រូវសមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនបានត្រឡប់មកវិញ។
ក្នុងការបង្ក្រាប សមត្ថកិច្ចបានរឹបអូស Monitor ១៩៧គ្រឿង ទូរស័ព្ទដៃ ២៦៧គ្រឿង CPU ១៧គ្រឿង Laptop ១៨គ្រឿង និងឧបករណ៍ Wi-Fi ៣០គ្រឿង ព្រមទាំងសម្ភារៈ និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀតនៅទីតាំងដែលសមត្ថកិច្ចចុះប្រតិបត្តិការ។
ក្រោយបញ្ចប់នីតិវិធីបង្ហាញខ្លួន ការពិភាក្សាដេញដោល និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង បានសម្រេចឃុំខ្លួនជនត្រូវចោទ ១១៥នាក់ ដើម្បីរង់ចាំការសាកសួរ និងបន្តនីតិវិធីស៊ើបសួរតាមច្បាប់។
ករណីនេះក៏បានបណ្តាលឱ្យមានការចាប់ខ្លួន មន្ត្រីនគរបាលខេត្តកោះកុង ៣នាក់ និងអ្នកបកប្រែម្នាក់ ដោយសង្ស័យថា បានជួយបង្កលក្ខណៈឱ្យជនជាតិចិន ២នាក់ ដែលត្រូវបានចាត់ទុកថាជាមេក្លោង អាចរត់គេចពីកន្លែងឃុំខ្លួន។
ការបង្ក្រាប និងការចាត់វិធានការតាមផ្លូវច្បាប់លើសំណុំរឿងនេះ បាន បង្ហាញពីការបង្កើនការបង្ក្រាបរបស់សមត្ថកិច្ចចំពោះបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមជ្ឈមណ្ឌល Online Scams ដែលកំពុងក្លាយជាបញ្ហាឆ្លងដែន និងប៉ះពាល់ដល់សន្តិសុខសង្គម៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN







