ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការជំនុំជម្រះ មគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ និង មន្ត្រីជាន់ខ្ពស់ នៃ គណបក្សភ្លើង ទៀន៣នាក់ទៀត ពាក់ព័ន្ធបទល្មើស រួមគំនិតក្បត់?

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ សីហា បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទ ចំនួន៤ នាក់ ក្នុងនោះ រួមមាន ជនជាប់ម្នាក់ គឺជាមគ្គុទ្ទេសក៍ទេសចរណ៍ និង ជនជាប់ចោទ៣ នាក់ទៀត គឺ ជាសកម្មជននយោបាយ របស់ គណបក្សភ្លើង ទៀន ជាប់ពាក់ព័ទ្ធនឹ បទល្មើសរួមគំនិតក្បត់ ដោយ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និង ទូរគមនាគមន៍ និង ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ប្រព្រឹត្តនៅ នៅក្នុងអំឡុងខែ កញ្ញា ឆ្នាំ ២០២៥ និង បន្តបន្ទាប់ មកទៀត។

សវនាការនេះ ដឹកនាំដោយ លោកចៅក្រម ប៊ុន រតនៈ ជាប្រធានចៅក្រមប្រឹក្សា និង មានលោកព្រះ រាជអាជ្ញារង ញាន បូរី ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមាន វត្តមានរបស់ជនជាប់ចោទទាំង៤នាក់ និង មេធាវីការពារក្តី របស់ពួកគេ ចូលរួមសវនាការផងដែរ។

តែក្រុមអ្នកកាសែត ត្រូវបានរឹតបន្តឹង និង ហាមឃាត់ មិនឱ្យ ចូលស្តាប់ សវនាការ។

លោកចៅក្រម ប៊ុន រតនៈ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទ ទាំង៤ រូប ខាងលើនេះ មានឈ្មោះ: ១- ឈ្មោះ ពិន ប៉ូច ភេទ ប្រុស អាយុ ៤៩ ឆ្នាំ (កើតនៅឆ្នាំ ១៩៧៧) មានមុខរបរមុនចាប់ខ្លួនជា មគ្គុទ្ទេសក៍ទេសចរណ៍ ភាសា អង់គ្លេស-ខ្មែរ-សៀម, ទី២- ឈ្មោះ ឈ្មោះ រ័ត្ន សុធី ភេទ ប្រុស អាយុ ៥៤ ឆ្នាំ (កើតនៅឆ្នាំ ១៩៧២), ទី៣- ឈ្មោះ សួន ប៊ុនឡោ ភេទ ប្រុស អាយុ ៦១ ឆ្នាំ (កើត នៅ ឆ្នាំ ១៩៦៥), និង ទី៤- ឈ្មោះ អាំ វង្ស ភេទ ប្រុស អាយុ ៥៧ ឆ្នាំ។ អ្នក ទាំង៣នាក់នេះ គឺជា សកម្មជននយោបាយ មកពី គណបក្សភ្លើងទៀន។

ពួកគេ ត្រូវបានតំណាង អយ្យការចោទប្រកាន់ពីបទ: រួមគំនិតក្បត់ តាមបញ្ញត្តិ មាត្រា ៤៥៣ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវប្រឈមនឹងការ ជាប់ពន្ធនាគារ រយៈពេលពី ៥ ទៅ១០ ឆ្នាំ ក្នុងម្នាក់ៗ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព ដូចការ ចោទប្រកាន់។

ពួកគេត្រូវបាន សមត្ថកិច្ចនគរបាលជំនាញ ចាប់ឃាត់ខ្លួន តាមដីកាតុលាការ នៅទីតាំង ផ្សេងៗ គ្នា នៅក្នុងចុងឆ្នាំ ២០២៥ និង ដើមឆ្នាំ ២០២៦ បន្ទាប់ពីពួកគេ បានប្រើប្រាស់បណ្តាញ សង្គម ផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់នៅក្នុងបណ្តាញសង្គម ចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋាន និង អង្គហេតុច្បាស់លាស់ ដើម្បីបណ្តុះគំនិតជ្រុលនិយមទុច្ចរិត ក្នុងគោលបំណងអូសទាញបំផុសបំផុល ប្រជាពលរដ្ឋ ដែលជឿខ្វះការគិតពិចារណាតាមរយៈការញុះញង់ឱ្យចូលរួមធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ តាមលំនាំប្រទេសនេប៉ាល់ ដែលជាសកម្មភាពប្រព្រឹត្តបទល្មើសខុសច្បាប់មិនស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។

នាពេលសវនាការ, ជនជាប់ចោទទាំង៤ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ ចំពោះ ពួកគាត់ និង បានសុំឱ្យ តុលាការ សម្រេចទម្លាក់ ការចោទប្រកាន់ និង ដោះលែងពួកគេ ឱ្យមានសេរីភាពវិញ។

លោកអែម ចន្ថា ជាមេធាវីការពារក្តី ឱ្យជនជាប់ចោទ ឈ្មោះ រ័ត្ន សុធី បានថ្លែងថា: នៅក្នុងរឿងក្តីខាងលើនេះ, កូនក្តីរបស់លោក មិនមានអង្គេហេតុ ពាក់ព័ន្ធនឹង ការបង្ហោះ សារនៅលើ ហ្វេសប៊ុករបស់ ក្រុមប្រឆាំងដែលនៅឯ ក្រៅស្រុកនោះទេ។

លោកមេធាវី អែម ចន្ថា បានមានប្រសាសន៍បន្តថា: អ្វីដែលកូនក្តី របស់លោក ពាក់ព័ន្ធនោះ គឺនៅពេលដែល ប៉ូលិសចាប់ខ្លួនគាត់ ប៉ូលិស បានយក ទូរស័ព្ទរបស់ គាត់មក ពិនិត្យមើល និង រកឃើញថា: គាត់ បានខល ទំនាក់ទំនងគ្នា ជាមួយជនជាប់ចោទផ្សេងទៀតជាប់ពាក់ព័ន្ធនឹង ជម្លោះ ព្រំដែនកម្ពុជា-ថៃ? ហើយ ប៉ូលិស ក៏ ចាប់ខ្លួនគាត់តែម្តងទៅ។

លោកបានថ្លែងទៀតថា: ការស្តាប់សារ របស់អ្នកដទៃ គឺ ជារឿងឯកជន និង ជាការរំលោភ ច្បាប់ រដ្ឋធម្មនុញ្ញ របស់កម្ពុជា។

លោកមេធាវីបានបញ្ជាក់ថា: “ដូច្នេះ ខ្ញុំ សូមបដិសេធ ចំពោះ អង្គហេតុនេះ ចោលទាំងស្រុង ពីព្រោះ វាជា អង្គហេតុ ដែលភាន់ច្រឡំ និង វាបានបង្កើតអោយមាន វិមតិសង្ស័យ ចំំពោះ កូនក្តីរបស់ខ្ញុំ” ។

សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាស សាលក្រមនៅ ចុងខែ កញ្ញា ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="785790"]
[the_ad id="805597"]
[the_ad id="723791"]
[the_ad id="409036"]