ពាក្យថាអាជ្ញាប័ណ្ណ ស្ដាប់ទៅហាក់ដូចជាគ្រាន់តែជាឯកសាររដ្ឋបាល ជាវិញ្ញាបនប័ត្រព្យួរនៅលើជញ្ជាំង ជាលេខកូដនៅលើគេហទំព័រ ឬជាអ្វីមួយដែលក្រុមហ៊ុនទទួលបានមកហើយក៏បំភ្លេចចោលទៅវិញ។
ប៉ុន្តែ ការពិតទៅគឺមិនមែនដូច្នោះទេ។ នៅក្នុងវិស័យសេវាហិរញ្ញវត្ថុ អាជ្ញាប័ណ្ណគឺជាឧបករណ៍ដែលនិយ័តករប្រើប្រាស់ដើម្បីកំណត់អំពីគោលការណ៍ប្រតិបត្តិរបស់ក្រុមហ៊ុន ពោលគឺ ថាតើប្រាក់របស់អតិថិជនត្រូវរក្សាទុកដាច់ដោយឡែកពីមូលនិធិរបស់ក្រុមហ៊ុនផ្ទាល់ ឬយ៉ាងណា ថាតើក្រុមហ៊ុនមានកាតព្វកិច្ចត្រូវបើកបង្ហាញព័ត៌មានអ្វីខ្លះ និងត្រូវបើកបង្ហាញញឹកញាប់កម្រិតណា ព្រមទាំងថាតើក្រុមហ៊ុនត្រូវក្ដាប់ដើមទុនបម្រុងចំនួនប៉ុន្មានធៀបនឹងសកម្មភាពដែលខ្លួនកំពុងប្រតិបត្តិការ ហើយ អាជ្ញាធរមួយណាជាអ្នកត្រួតពិនិត្យ និងតាមដានវា។ អាជ្ញាប័ណ្ណគឺជាមូលដ្ឋានសម្រាប់តភ្ជាប់កាតព្វកិច្ចទាំងនោះ។ ប្រសិនបើគ្មានអាជ្ញាប័ណ្ណទេ កាតព្វកិច្ចទាំងនេះក៏មិនកើតមានដែរ។
ដោយហេតុនេះហើយទើបមានរបត់ដ៏ស្ងៀមស្ងាត់ ប៉ុន្តែ ប្រកបដោយឥទ្ធិពលមួយ កំពុងកើតមានឡើងនៅទូទាំងតំបន់អាស៊ីទាំងមូល។ រដ្ឋាភិបាលនៃបណ្តាប្រទេសនានាកំពុងរៀបចំអភិវឌ្ឍរបបអាជ្ញាប័ណ្ណសម្រាប់ទ្រព្យសកម្មឌីជីថល ហើយក្រុមហ៊ុននានាក៏កំពុងចាប់ផ្ដើមដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទាំងនោះផងដែរ។
ប្រទេសប៊ូតានរៀបចំចងក្រងវិធានប្បញ្ញត្តិ
នៅភាគខាងត្បូងនៃប្រទេសប៊ូតាន តំបន់រដ្ឋបាលពិសេសទីក្រុង Gelephu Mindfulness City បានបង្កើត ក្របខណ្ឌគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសកម្មនិម្មិតក្រោមច្បាប់ស្ដីពីសេវាហិរញ្ញវត្ថុឆ្នាំ ២០២៥ (Financial Services Act 2025) របស់ខ្លួន ស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យសេវាហិរញ្ញវត្ថុ Gelephu។ ក្រុមហ៊ុនទាំងឡាយដែលប្រតិបត្តិការសកម្មភាពហិរញ្ញវត្ថុ ឬសកម្មភាពទ្រព្យសកម្មនិម្មិត ដែលស្ថិតក្រោមបទប្បញ្ញត្តិនៅក្នុង ឬចេញពីតំបន់នេះ ត្រូវតែមានអាជ្ញាប័ណ្ណសេវាហិរញ្ញវត្ថុ (Financial Services Licence) ។
លោក Jigdrel Singay នាយកក្រុមប្រឹក្សាភិបាលនៃតំបន់រដ្ឋបាលពិសេសទីក្រុង Gelephu Mindfulness City បានថ្លែងថា៖ “យើងមានបំណងបង្កើតប្រព័ន្ធអេកូឡូស៊ីទ្រព្យសកម្មឌីជីថលកម្រិតពិភពលោកមួយ ដែលឈរលើបទប្បញ្ញត្តិរឹងមាំ អនុលោមតាមស្ដង់ដាស្ថាប័ន និងមានតម្លៃសេដ្ឋកិច្ចរយៈពេលវែង។”
កាលពីថ្ងៃទី ៦ ខែសីហា ក្រុមហ៊ុនជួញដូរទ្រព្យសកម្មឌីជីថល Bitget បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអាជ្ញាធរទីក្រុង Gelephu Mindfulness City ដោយកំណត់នូវក្របខ័ណ្ឌមួយដើម្បីបង្កើតវត្តមានផ្លូវច្បាប់នៅក្នុងតំបន់នេះ និងរៀបចំពាក្យស្នើសុំអាជ្ញាប័ណ្ណ។ ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានអាជ្ញាប័ណ្ណណាមួយត្រូវបានផ្ដល់ជូននៅឡើយទេ។ អ្វីដែលជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននៅក្រោមកិច្ចព្រមព្រៀងនេះ គឺការប្រកាន់ខ្ជាប់តាមដំណើរការនេះផ្ទាល់ ហើយជាក់ស្ដែងកាលពី២ឆ្នាំមុន ដំណើរការមួយនេះនៅមិនទាន់កើតមាននៅឡើយទេ។
លោកស្រី Gracy Chen អគ្គនាយិការបស់ក្រុមហ៊ុន Bitget បានមានប្រសាសន៍ថា៖ “ប្រទេសប៊ូតានកំពុងចាប់យកវិស័យទ្រព្យសកម្មឌីជីថលដោយប្រើប្រាស់បន្សំគ្នាយ៉ាងពិសេស ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ អត្ថប្រយោជន៍នៃថាមពលស្អាត និងភាពច្បាស់លាស់ផ្នែកនិយ័តកម្ម។” ប្រទេសនេះបានប្រើប្រាស់ថាមពលវារីអគ្គិសនីដើម្បីគាំទ្រដល់ការជីកទ្រព្យសកម្មឌីជីថល ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយក្នុងការបង្កើតការងារ និងរក្សាកម្លាំងពលកម្មវ័យក្មេងនៅក្នុងប្រទេស។
កិច្ចព្រមព្រៀងនេះរំពឹងថានឹងមានការជ្រើសរើសបុគ្គលិកក្នុងស្រុក និងការបង្កើតការិយាល័យតំណាងជាបន្តបន្ទាប់ ដែលអាជ្ញាធរនៃតំបន់នេះចាត់ទុកថាជាផ្នែកមួយនៃការផ្តោតលើការអភិវឌ្ឍសមត្ថភាព និងការផ្ទេរចំណេះដឹង ជាជាងគ្រាន់តែជាការចូលទៅកាន់ទីផ្សារតែមួយមុខ។ លោក Singay បានមានប្រសាសន៍ថា៖ “ដៃគូនានាដូចជាក្រុមហ៊ុន Bitget ជាដើម មានតួនាទីយ៉ាងសំខាន់ក្នុងការនាំយកជំនាញកម្រិតពិភពលោកមករួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពក្នុងស្រុក និងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយថែមទៀត។”
លំនាំទូទៅក្នុងតំបន់
លោក Ryan Lee ប្រធានផ្នែកវិភាគរបស់ស្ថាប័ន Bitget Research បានលើកឡើងថា៖ “ការវិវត្តផ្នែកលិខិតបទដ្ឋានគតិយុត្តនាពេលថ្មីៗនេះនៅប្រទេសប៉ាគីស្ថាន ជប៉ុន និងសហរដ្ឋអាមេរិក បង្ហាញថា វិស័យគ្រីបតូកំពុងឈានទៅរកដំណាក់កាលដែលមានការសម្របសម្រួលបង្កើតប្រក្រតីនីយកម្មគោលនយោបាយ ទាំងនៅក្នុងទីផ្សារកំពុងរីកចម្រើន និងទីផ្សារដែលមានការអភិវឌ្ឍរឹងមាំហើយ។” លោកអះអាងថា នៅពេលដែលមានដែនសមត្ថកិច្ចកាន់តែច្រើនកំណត់អំពីស្តង់ដាអាជ្ញាប័ណ្ណ ការប្រព្រឹត្តកម្មពន្ធ និងការបើកបង្ហាញព័ត៌មាន នោះ ក្រុមហ៊ុនជួញដូរនឹងទទួលបានលក្ខខណ្ឌប្រតិបត្តិការដែលអាចព្យាករណ៍បានកាន់តែច្បាស់។
ទិសដៅនេះ ពុំមែនសុទ្ធតែមានភាពបើកទូលាយដូចៗគ្នានោះទេ។ ប្រទេសអាហ្សង់ទីនបានដាក់ចេញនូវរបបចុះបញ្ជីសម្រាប់អ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត។ ចំណែកឯនៅតំបន់អាស៊ីអាគ្នេយ៍ និយ័តករបានចេញសេចក្ដីបញ្ជាឱ្យផ្អាកសកម្មភាពចំពោះប្រតិបត្តិក្រុមហ៊ុនជួញដូរដែលពុំបានទទួលការអនុញ្ញាត។ របបអាជ្ញាប័ណ្ណ មិនត្រឹមតែកំណត់ថាតើអ្នកណាអាចប្រតិបត្តិការបានតែប៉ុណ្ណោះទេ ប៉ុន្តែក៏អាចកំណត់ផងដែរថាតើនរណាខ្លះមិនអាចប្រតិបត្តិការបាន ។
ប្រទេសកម្ពុជាកំពុងរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានរបស់ខ្លួន
កាលពីថ្ងៃទី ៨ ខែកក្កដា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី ១០ ខែសីហា ដើម្បីបង្កើតក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំ និងសរសេរសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងឌីជីថល។ ក្រុមការងារនេះមានសមាសភាព ២៦ រូប ដឹកនាំដោយសហប្រធាន២ រូប គឺរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូប និងទេសាភិបាលរងធនាគារជាតិនៃកម្ពុជាមួយរូប ។
វិសាលភាពភារកិច្ចដែលបានកំណត់ក្នុងសេចក្តីសម្រេចនេះ គឺធ្វើការសិក្សាស្រាវជ្រាវអំពីច្បាប់ និងការអនុវត្តជាក់ស្តែង ទាំងក្នុងស្រុក និងអន្តរជាតិដែលពាក់ព័ន្ធ ព្រមទាំងរៀបចំការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងរៀបចំសេចក្តីព្រាងច្បាប់មួយដែលមានភាពស៊ីសង្វាក់ គ្រប់ជ្រុងជ្រោយ និងមានលទ្ធភាពអនុវត្តបានយ៉ាងមានប្រសិទ្ធភាព រួមទាំងយន្តការសម្រាប់កិច្ចការពារវិនិយោគិន ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់។
វិធានមួយចំនួនត្រូវបានអនុវត្តរួចហើយ ហើយវិធានទាំងនោះថែមទាំងមានវិសាលភាពគ្របដណ្តប់លើប្រតិបត្តិការធនាគារទូទៅ លើសពីអ្វីដែលមនុស្សភាគច្រើនបានដឹងទៅទៀត។ ប្រកាសលេខ ប.៧-០២៤-៧៣៥ ប្រ.ក ចេញនៅខែធ្នូ ឆ្នាំ ២០២៤ និងចុះហត្ថលេខាដោយលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា បានបែងចែកទ្រព្យសកម្មគ្រីបតូជាពីរប្រភេទ និងបានកំណត់ដែនកម្រិតនៃចំនួនទ្រព្យសកម្មដែលធនាគារទទួលបានអាជ្ញាប័ណ្ណនៅកម្ពុជាអាចកាន់កាប់ធៀបនឹងដើមទុនផ្ទាល់ខ្លួនរបស់ខ្លួន។ នេះគឺជាវិធានជាធរមានស្តីពីអ្វីដែលធនាគារអាចធ្វើបានពាក់ព័ន្ធជាមួយរបាយការណ៍សមតុល្យរបស់ខ្លួន។ កាលពីថ្ងៃទី ៦ ខែសីហា ធនាគារជាតិនៃកម្ពុជាបានបន្ថែម តម្រូវការមួយទៀត ដោយកំណត់ឱ្យអាជីវកម្មទាំងឡាយណាដែលបោះផ្សាយប្រាក់អេឡិចត្រូនិកសម្រាប់ទូទាត់ក្នុងបណ្តាញតែមួយ ត្រូវជូនដំណឹងទៅនិយ័តករមុនពេលចាប់ផ្តើមប្រតិបត្តិការ។
កាលពីថ្ងៃទី ១៧ ខែសីហា លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិ បានជួបពិភាក្សាការងារជាមួយភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ។ ការពិភាក្សានេះបានផ្តោតលើការវិវត្តនៃម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងលទ្ធភាពនៃការផ្ដល់ជំនួយបច្ចេកទេសលើកិច្ចការលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិស្តីពីទ្រព្យសកម្មនិម្មិតផងដែរ។
បញ្ហាដែលមិនទាន់បានដោះស្រាយ
នៅមានកិច្ចការជាច្រើនទៀតដែលមិនទាន់មានការសម្រេចចិត្ត។ ក្រុមការងាររបស់ប្រទេសកម្ពុជាត្រូវបានបង្កើតឡើងក៏ពិតមែន ប៉ុន្តែសេចក្តីព្រាងច្បាប់មិនទាន់ត្រូវបានរៀបចំឡើងនៅឡើយទេ។ គេនៅមិនទាន់ដឹង ទេថា តើទ្រព្យសកម្មឌីជីថលប្រភេទណាខ្លះ ដែលត្រូវស្ថិតនៅក្រោមវិសាលភាពនៃច្បាប់នេះ អ្វីខ្លះដែលទាមទារឱ្យមានអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនដែលកាន់កាប់ និងអ្វីខ្លះជាកាតព្វកិច្ចដែលត្រូវអនុវត្តតាម។ របបបទប្បញ្ញត្តិរបស់ប្រទេសប៊ូតាន គឺមានវត្តមានត្រឹមតែនៅលើក្រដាសនៅឡើយ ហើយពាក្យស្នើសុំដែលបានដាក់ក្រោមរបបនេះ ក៏នៅពុំទាន់បានទទួលសេចក្ដីសម្រេចនៅឡើយដែរ។ ក្របខ័ណ្ឌដែលបានប្រកាស គឺនៅមិនទាន់ជាក្របខ័ណ្ឌដែលមានសុពលភាពអនុវត្តជាផ្លូវការនៅឡើយ។
គេអាចនិយាយបានថា នៅពេលនេះ សំណួរត្រូវបានផ្លាស់ប្តូរហើយ។ ក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ ការពិភាក្សាភាគច្រើននៅទូទាំងតំបន់ទាំងមូល គឺផ្តោតលើសំណួរថាតើគួរអនុញ្ញាតឱ្យមានទ្រព្យសកម្មឌីជីថល ឬទេ។ ប៉ុន្តែ មកដល់បច្ចុប្បន្ន វិសាលភាពនៃការជជែកដេញដោលបានរួមតូច មកផ្ដោតលើទិដ្ឋភាពបច្ចេកទេសជាងមុន ពោលគឺផ្តោតលើសំណួរទាក់ទងនឹង លក្ខខណ្ឌតម្រូវដើម្បីអាចទទួលបានអាជ្ញាប័ណ្ណ ពោលគឺជាទឡ្ហីករដែលនិយ័តករតែងលើកឡើងទៅកាន់ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនអន្តរការីអស់រយៈពេលជិតមួយសតវត្សរ៍មកហើយ។
| សព្ទបច្ចេកទេសសំខាន់ៗ | |
| អាជ្ញាប័ណ្ណ (Licence) | ការអនុញ្ញាតផ្លូវការពីនិយ័តករដើម្បីផ្តល់សេវាហិរញ្ញវត្ថុ។ នេះគឺជាមូលដ្ឋានតភ្ជាប់រវាងកាតព្វកិច្ចនានា ដូចជាថាតើប្រាក់របស់អតិថិជននឹងត្រូវកាន់កាប់ដោយរបៀបណា ព័ត៌មានអ្វីខ្លះដែលត្រូវបើកបង្ហាញ តើត្រូវរក្សាដើមទុនចំនួនប៉ុន្មាន និងថាតើអាជ្ញាធរណាដែលមានសមត្ថកិច្ចត្រួតពិនិត្យលើក្រុមហ៊ុននោះជាដើម។ |
| ការបំបែកទ្រព្យសកម្មរបស់អតិថិជន (Client asset segregation) | លក្ខខណ្ឌតម្រូវដែលកំណត់ឱ្យរក្សាទុកប្រាក់របស់អតិថិជនដោយឡែកពីមូលនិធិរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីចៀសវាងការឡូកឡំគ្នារវាងទ្រព្យទាំងពីរ។ នេះគឺជាលក្ខខណ្ឌរបស់អាជ្ញាប័ណ្ណទូទៅក្នុងសេវាហិរញ្ញវត្ថុដែលស្ថិតក្រោមនិយ័តកម្មត្រឹមត្រូវ។ |
| ទ្រព្យសកម្មគ្រីបតូ (Cryptoassets) | សព្ទបច្ចេកទេសដែលប្រើប្រាស់ដោយធនាគារជាតិនៃកម្ពុជា នៅក្នុងប្រកាសលេខ ប.៧-០២៤-៧៣៥ ប្រ.ក។ ដោយឡែក នៅក្នុងសេចក្ដីព្រាងច្បាប់ គេប្រើពាក្យ “ទ្រព្យសកម្មនិម្មិត” និង “ទ្រព្យសកម្មឌីជីថល”។ |
អត្ថបទនេះត្រូវបានផ្តល់ជូនសម្រាប់ជាព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនមែនជាការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ ឬការវិនិយោគនោះទេ។ សេវាទ្រព្យសកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ក្រោមប្រកាសលេខ ប.៧-០២៤-៧៣៥ ប្រ.ក ស្តីពីប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ។ អ្នកអានគប្បីស្វែងរកការប្រឹក្សាយោបល់ពីអ្នកជំនាញឯករាជ្យ មុនពេលធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុណាមួយ។

